សេដ្ឋកិច្ចពុទ្ធសាសនា

«ថាមិច? សេដ្ឋកិច្ចពុទ្ធសាសនា?…ខ្ញុំដូចជាមិនធ្លាប់លឺនរណាគេនិយាយពីមុនមកទេថា មានមុខវិជ្ជាបែបនេះដែរ»

ខាងលើនេះគឺជាឃ្លាដែលលោកស្រី Katherine Kay-Mouat អ្នកសារព័ត៌មានជនជាតិអង់គ្លេស/បារាំងមួយរូប បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីលឺខ្ញុំប្រាប់ថាខ្ញុំកំពុងតែរៀនមុខវិជ្ចានេះ។ បន្ទាប់ពីការទស្សនាសម្រស់ទីក្រុងប៉ារីសមួយសប្ដាហ៍ត្រូវបានបញ្ចប់ ខ្ញុំក៏បានធ្វើដំណើរមកកាន់ទីក្រុងតាលីន (Tallinn) វិញ។ នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំបានជួបអ្នកសារព័ត៏មានមួយរូប ដែលធ្វើដំណើរស្របគ្នាជាមួយនឹងខ្ញុំដែរ។ គាត់បានមកអង្គុយជិតខ្ញុំ និងបាននិយាយជាមួយខ្ញុំប្រកបដោយទឹកមុខស្រស់ស្រាយរាក់ទាក់។ គាត់សម្លឹងមើលលើមើលក្រោមឃើញខ្ញុំស្លៀកពាក់ខុសគេខុសឯង ខាងលើមានអាវធំដូចគេដែរ (ដោយសារសីតុណ្ហភាពជិតសូន្យអង្សា ទើបត្រូវតែមានអាវធំ មិនអាចអត់បាន) ប្លែកតែខាងក្នុងមិនដឹងជាខោអាវម៉ាកអី រកប្រែនដ៍ណេមមិនឃើញសោះ។

រយៈពេលបួនម៉ោងជាងគាត់បានសួរសំនួខ្ញុំជាច្រើន ប៉ុន្តែសំនួរដែលខ្ញុំចង់ចែករំលែកជាមួយមិត្រអ្នកអាននោះគឺសំនួរដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចពុទ្ធសាសនា។ គាត់បានសួរខ្ញុំថា៖ «តើអ្នកធ្វើដំណើរទៅទីក្រុងតាលីនធ្វើអ្វីដែរ»? បន្ទាប់ពីដឹងថាខ្ញុំទៅរៀននៅទីនោះ គាត់កាន់តែចង់ដឹងបន្ថែមទៀត ថាមនុស្សចម្លែកដូចជាខ្ញុំទៅរៀនអ្វីនៅទីនោះ។ ខ្ញុំក៏ប្រាប់គាត់ថា៖ «ខ្ញុំកំពុងតែសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចនិងសេដ្ឋកិច្ចពុទ្ធសាសនា»។ គាត់លាន់មាត់ថា៖ «ថាម៉េច? សេដ្ឋកិច្ចពុទ្ធសាសនា? ខ្ញុំដូចជាមិនធ្លាប់លឺនរណាគេនិយាយថាមានមុខវិជ្ជាបែបនេះពីមុនមកនោះទេ»។

តាមពិតទៅពាក្យថា «សេដ្ឋកិច្ចពុទ្ធសាសនា» មិនមែនជាពាក្យថ្មីនោះទេ ពាក្យនេះត្រូវបានលោក Schumacher អ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចជាតិអាល្លឺម៉ង/អង់គ្លេស បានយកទៅប្រើក្នុងសៀវភៅរបស់លោក (Small is Beautiful) តាំងពីជិតមួយរយឆ្នាំមុនម្លេះ។ ម្យ៉ាងទៀតពាក្យថា «សេដ្ឋកិច្ច»និង«ពុទ្ធសាសនា» បើនៅដាច់ដោយឡែកពីគ្នាដូច្នេះ គឺមិនមានអ្វីចម្លែកសម្រាប់យើងនោះទេ ព្រោះយើងសុទ្ធតែស្គាល់ហើយថាអ្វីទៅជា «សេដ្ឋកិច្ច»និងអ្វីទៅជា«ពុទ្ធសាសនា» ប៉ុន្តែបើយើងយកពាក្យទាំងពីរនេះមកផ្គុំគ្នា «សេដ្ឋកិច្ចពុទ្ធសាសនា» នោះយើងនឹងមានសំនួរជាច្រើនដែលត្រូវសួរដេញដោលគ្នា។ ការច្របាច់បញ្ចូលគ្នានូវពាក្យពីរនេះ មិនមែនបង្កើតត្រឹមតែជាចម្ងល់សម្រាប់តែពួកបច្ចិមលោកដូចលោកស្រី Katherine តែម្នាក់នោះទេ ប៉ុន្តែវាក៏បានបង្កើតជាចម្ងល់ដល់ពុទ្ធសាសនិកមួយចំនួនធំដែរ។ សំនួរដែលកើតចេញពីចម្ងល់នោះគឺថា៖ តើវាអាចទៅរួចឬទេ ដែលថាពុទ្ធសាសនា តែងតែបង្ហាត់បង្រៀនមនុស្សកុំអោយជាប់ជំពាក់ជាមួយនឹងរឿងលោកិយ៍ បែរជាមកនិយាយរឿងសេដ្ឋកិច្ចទៅវិញនោះ? តើវាមានភាពចំបាច់ដែរឬទេនៅក្នុងការណែនាំសេដ្ឋកិច្ចពុទ្ធសាសនាទៅកាន់ពិភពលោកនោះ បើចំណូលប្រចាំឆ្នាំ (GDP) នៃប្រជាជនភាគច្រើននៅប្រទេសគោរពពុទ្ធសាសនា នៅទាបជាងប្រទេសដែលមិនសូវគោរពពុទ្ធសាសនាផងនោះ?

ខ្ញុំពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងសំនួរនេះទេ ដូចនេះខ្ញុំសូមឱ្យមិត្តអ្នកអានមកក្រឡែកមើលការឱ្យនិយមន័យពាក្យថា «សេដ្ឋកិច្ច» របស់អ្នកប្រាជ្ញទាំងផ្លូវលោកនិងផ្លូវធម៌វិញ គ្រាន់នឹងបានជាពន្លឺខ្លះៗនៅក្នុងការស្រាយចម្ងល់នេះ។ សម្ដេចព្រះសង្ឃរាជជូន ណាត បានឱ្យនិយមន័យថា៖ «សេដ្ឋកិច្ចជាកិច្ចការដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ឬក៏ជាកិច្ចការទាំងឡាយដែលធ្វើឲ្យប្រទេសជាតិរីកចំរើន»។ ចំណែកឯលោក រ. គោវិទ បានពន្យល់ពាក្យ «សេដ្ឋកិច្ច» ថា៖ «ជាការសន្សំទុកឲ្យចំរើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ»។ និយមន័យនៃពាក្យនេះបានបង្ហាញយើងពីគោលបំណងសំខាន់នៃសេដ្ឋកិច្ចថាជារបៀបរបបដែលធ្វើឱ្យមនុស្សទទួលបានសេចក្តីសុខនិងភាពរីកចម្រើន។ គោលបំណងនេះក៏មិនខុសអ្វីពីពុទ្ធសាសនាដែរ។ ពុទ្ធសាសនាបង្រៀនមនុស្សឱ្យរួចផុតពីសេចក្តីទុក្ខ ទទួលបានសេចក្តីសុខ និងចាត់ទុកសេចក្តីសុខរបស់រាស្រ្ដប្រជា ថាជារឿងដ៏ឧត្តម (បជាសុខំ មហុត្តមំ)។

ទោះបីជាគោលបំណងនៃសេដ្ឋកិច្ចមិនខុសគ្នាក៏ដោយ ក៏វិធីសាស្រ្តដែលជំរុញឱ្យសម្រេចគោលបំណងនោះគឺយើងអាចនិយាយបានថាមិនដូចគ្នាទេ។ សេចក្តីសុខរបស់មនុស្សគឺអាស្រ័យទៅលើការបរិភោគប្រើប្រាស់ (consumerism) បើសិនជាគ្មានអ្វីបរិភោគនោះមនុស្សប្រាកដជានៅមិនសុខទេ។ ដូចនេះបានជាព្រះពុទ្ធសម្ដែងថា៖ «សត្វទាំងឡាយរស់បានអាស្រ័យអាហារ»និង«សេចក្តីស្រេកឃ្លានគឺជាមេរោគដ៏កាចសាហាវបំផុតរបស់ពិភពលោក»។ ចំនែកឯព្រះបាទជ័យវរ្ម័នទី ៧ វិញបានចាត់ទុកសេចក្តីទុក្ខរបស់រាស្រ្ដថាជាសេចក្តីទុក្ខផ្ទាល់ខ្លួនទ្រង់ ដូច្នេះហើយបានជាព្រះអង្គខំកសាងប្រព័ន្ធធារាសាស្រ្ដធំៗដើម្បីបំបាត់សេចក្តីស្រេកឃ្លាននៃរាស្រ្ដប្រជា។ រីឯព្រះចៅភូមិពលអតុល្យតេជវិញ ទ្រង់បានចាត់ទុកការធ្វើប្រទេសថៃឱ្យទំនើប ដើម្បីក្លាយខ្លួនទៅជាខ្លាអាស៊ីនោះគឺមិនសំខាន់ទេ រឿងដែលសំខាន់គឺការធ្វើឱ្យប្រជារាស្រ្ដមានបាយហូបគ្រប់គ្រាន់ ដូច្នេះហើយបានជាព្រះអង្គបង្កើតគោលនយោបាយសេដ្ឋកិច្ចមួយ (sufficiency economy) ដោយពឹងផ្អែកលើទស្សនវិជ្ជាពុទ្ធសាសនាដើម្បីបម្រើសេចក្តីត្រូវការកសិករថៃ។

កាលណាបើយើងនិយាយពីការបរិភោគ យើងមិនភ្លេចទេមាត់ ព្រោះបើបើគ្មានមាត់ មិនដឹងថាត្រូវបរិភោគតាមណាកើត។ ផ្អែកតាមពុទ្ធសាសនា មនុស្សម្នាក់ៗមានមាត់ (ទ្វារ) ដល់ទៅប្រាំគឺ៖ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត និង កាយ សម្រាប់ស្រូបយកអាហារផ្សេងៗទៅចិញ្ចឹមជីវិត។ ដូច្នេះក្នុងមួយថ្ងៃៗ មនុស្សត្រូវរករូបល្អមកឱ្យភ្នែក សម្លេងល្អមកឱ្យត្រចៀក ក្លិនល្អមកឱ្យច្រមុះ ចំណីល្អមកឱ្យអណ្ដាត និងរបស់ប្រើប្រាស់ល្អមកឱ្យរូបកាយ។ ដើម្បីផ្គត់ផ្គង់តម្រូវការទាំងនោះ ក្រុមហ៊ុនធំៗបានផលិតរូបភាពល្អ (ឧស្សាហកម្មភាពយន្ត/ទេសចរណ៍/គ្រឿងសំអាង) សម្លេងល្អ (ឧស្សាហកម្មចម្រៀង) ក្លិនល្អ (ឧស្សាហកម្មគ្រឿងក្រអូបផ្សេងៗ) គ្រឿងបរិភោគល្អ និងរបស់ប្រើប្រាស់ល្អៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មាត់ទាំងប្រាំនោះ។ មនុស្សម្នាក់មានមាត់ ៥ បើយើងយកចំនួននេះទៅគុណនឹងចំនួនមនុស្សក្នុងពិភពលោក ៧.៨ពាន់លាននាក់នោះ វានឹងឡើងដល់ ៣៩ ពាន់លានមាត់ហើយ។

ដូច្នេះ ក្នុងមួយថ្ងៃគេត្រូវផលិតឧបភោគបរិភោគយ៉ាងតិចឱ្យបាន ៣៩ ពាន់លានសម្រាប់មនុស្សនៅក្នុងពិភពលោក។ ប៉ុន្តែមិនមែនមានន័យថាមនុស្សគ្រប់រូបសុទ្ធតែទទួលបានចំណែកនេះស្មើរៗគ្នានោះទេ។ សង្គមដែលមានក្រពះធំតែងតែទទួលបានចំណែកច្រើនជាងសង្គមដែលមានក្រពះតូច។ ដើម្បីឱ្យងាយយល់ សូមអនុញ្ញាតិឱ្យខ្ញុំបែងចែកសង្គមនេះទៅជាបីប្រភេទគឺ៖ សង្គមសង្ឃ (ក្រុមក្រពះតូច ខោអាវតែពីរកំផ្លេរ ប្រើបានពីរទៅបីឆ្នាំ) សង្គមកំពុងអភិវឌ្ឃន៍ (ក្រុមក្រពះមធ្យម) និងសង្គមអភិវឌ្ឍន៍ (ក្រុមក្រពះធំ)។

ដើម្បីធ្វើយ៉ាងណាឱ្យបានចំណេញច្រើននៅក្នុងការបរិភោគដែលចំនុចសំខាន់នៃសកម្មភាពសេដ្ឋកិច្ចនោះ ប្រព័ន្ធសេដ្ឋកិច្ចផ្សេងៗត្រូវបានបង្កើតឡើង។ ប៉ុន្តែគ្រប់ប្រព័ន្ធសេដ្ឋកិច្ចទាំងនោះ តែងតែមានចន្លោះប្រហោង គឺមិនមានប្រព័ន្ធសេដ្ឋកិច្ចណាមួយល្អឥតខ្ចោះនោះទេ។ យ៉ាងណាក៏ដោយ សេដ្ឋកិច្ចបែបមូលធននិយម (capitalism) តែងតែទទួលបានការនិយមច្រើនជាងគេពីបណ្ដារប្រទេសអ្នកមាន ព្រោះប្រព័ន្ធនេះបានជំរុញកំណើតសេដ្ឋកិច្ច និងបានអភិវឌ្ឍប្រទេសជាតិបានខ្លាំងក្លា។ ប្រព័ន្ធនេះអាស្រ័យលើរបបសេដ្ឋកិច្ចទីផ្សារសេរីដោយអនុញ្ញាតឲ្យវិស័យឯកជនក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈអ្នកផលិតនិងអ្នកប្រើប្រាស់ ចំណែកឯរដ្ឋគ្មានសិទ្ធិជ្រៀតជ្រែកក្នុងដំណើរការទីផ្សារនេះទេ។ គោលបំណងសំខាន់របស់សេដ្ឋកិច្ចបែបនេះគឺការបង្កើននូវប្រាក់ចំណេញជាអតិបរិមា (profit maximization)។ ដើម្បីបង្កើនប្រាក់ចំណេញជាអតិបរិមា ក្រុមហ៊ុនទាំងអស់តែងតែបង្កើនការផលិតរបស់ខ្លួនឱ្យបានច្រើន។ ដើម្បីផលិតឱ្យបានច្រើន គឺត្រូវការធនធានធម្មជាតិច្រើន។

ពិតណាស់ដែលថាសេដ្ឋកិច្ចទីផ្សារបានផ្ដល់ឱកាសឱ្យមានការប្រកួតប្រជែងនិងការប្រើប្រាស់ធនធនធម្មជាតិដោយសេរី។ ប៉ុន្តែសំនួរដែលយើងត្រូវចោទសួរថា៖ តើការប្រកួតប្រជែងននោះមានសមធម៌ មនុស្សធម៌ និងមានយុត្តិធម៌សម្រាប់អ្នកខ្សោយជាងដែរឬទេ? ដើម្បីបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួន ប្រទេសអ្នកមាន ក្រុមហ៊ុនធំៗ បានស្រូបយកធនធានធម្មជាតិពីប្រទេសអ្នកក្រជាច្រើន ដើម្បីផ្គត់ផ្គងការផលិតរបស់ខ្លួន ដោយសារតែប្រទេសអ្នកក្រគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផលិតខ្លួនឯង។ ដើម្បីពង្រីកទីផ្សារបស់ខ្លួន ក្រុមហ៊ុនធំៗ បានលេបត្របាក់ក្រុមហ៊ុនតូចៗ តាមយុទ្ធសាស្រ្ដ creative destruction។ នៅពេលដែលសង្វាក់ផលិតកម្មក្រុមហ៊ុនធំៗទាំងនោះរីកចម្រើន ផលិតផលមានទីផ្សារធំទូលាយ (ទីផ្សារសេរី) បានជំរុញកំណើនសេដ្ឋកិច្ចប្រទេសនោះកាន់តែខ្លាំងជាងមុន។ បញ្ហាត្រង់ថា យុទ្ធសាស្រ្ដនេះហាក់ដូចជាផ្ដល់ជ័យជំនះទៅឱ្យប្រទេសអ្នកមានច្រើនជាងប្រទេសអ្នកក្រនៅក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ។ ប្រទេសអ្នកក្រស្ទើរតែគ្មានកំលាំងប្រកួតជាមួយនឹងប្រទេសយក្សៗ ទាល់តែសោះនៅលើសង្វៀនទីផ្សារសេរីនេះ។ នៅមានចំនុចអវិជ្ជមានជាច្រើនទៀត ដែលខ្ញុំមិនអាចលើកមកនិយាយក្នុងទីនេះអស់។

បញ្ហាធំរបស់ប្រព័ន្ធនេះគឺចេះតែជំរុញមនុស្សឱ្យស្រវឹងនឹងបរិភោគនិយម (consumerism) បរិភោគកាន់តែច្រើន កាន់តែល្អ ក្នុងគោលបំណងបង្កើនប្រាក់ចំនេញកាន់តែច្រើន។ បើសិនជាយើងមិនទាន់ចង់បរិភោគទេ ប្រព័ន្ធនេះនឹងប្រើយុទ្ធសាស្រ្ដផ្សព្វផ្សាយ (advertisement) ដោយជួលមនុស្សល្បីៗ ស្អាតៗ មកប្រាប់យើងថាបរិភោគទៅ វាល្អណាស់ វាលូយណាស់ លូយដូចជាខ្ញុំអ៊ីចឹង។ ការផ្សព្វផ្សាយមួយចំនួនធំមិនបានគិតពីសីលធម៌ សណ្ដាប់ធ្នាប់ និងផលអវិជ្ជមានដល់សង្គមទាំងមូលនោះទេ គឺគិតត្រឹមតែបង្កើនចំណងលោភៈរបស់អ្នកប្រើប្រាស់ឱ្យកាន់តែខ្លាំងជាងមុនប៉ុណ្ណោះ។ យើងនៅមិនទាន់ដឹងទេថាវានឹងមានអ្វីកើតឡើងនៅក្នុងរយៈពេល ១០ឆ្នាំ ៥០ ឆ្នាំ និង ១០០ ឆ្នាំទៅមុខទៀតនោះ បន្ទាប់ពីធនធានធម្មជាតិដូចជាប្រេងកាត រ៉ែ ព្រៃឈើ ឆ្នេរសមុទ្រ។ល។ ត្រូវបានគេស្រូបយកទៅផ្គត់ផ្គង់ចំណងលោភៈ ការបរិភោគគ្មានដែនកំណត់និងភាពរីកចម្រើនសេដ្ឋកិច្ចរបស់ពួកគេនោះ។ សង្ឃឹមថាវានឹងមិនធ្ងន់ធ្ងជាងកូរ៉ូណាទៅចុះ!

សេដ្ឋកិច្ចពុទ្ធសាសនាមិនមែនជាចលនាប្រឆាំងជាមួយនឹងការរីកចម្រើនរបស់ពិភពលោកនោះទេ ប៉ុន្តែវាជាការដាស់ពិភពលោកឱ្យភ្ញាក់ និងជាការបង្ហាញនូវហានិភ័យនៃការរីកចម្រើនរបស់ពិភពលោកដោយពឹងផ្អែកលើចំណង់លោភៈនិងការបំផ្លាញធនធានធម្មជាតិ ដើម្បីយកទៅផ្គត់ផ្គងសេចក្តីត្រូវការគ្មានព្រំដែនកំណត់របស់មនុស្ស។ ពុទ្ធសាសនាបង្រៀនមនុស្សឱ្យយល់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នារវាង បុគ្គល+សង្គម+ធម្មជាតិ។ លោកគ្រូធម្មបណ្ឌិត ហេងមណីចិន្តា តែងតែប្រៀបធៀបតួអង្គទាំងបីនេះទៅនឹងចង្ក្រាន្តដែលមានជើងបី គឺថាបើបាត់ជើងណាមួយហើយនោះ ចង្រ្កាន្តនោះមិនអាចទ្រកំសៀវបាននឹងល្អទេ។

ដើម្បីថែរក្សាតួអង្គទាំងបីនេះឱ្យនៅជាមួយគ្នាបាន ពុទ្ធសាសនាបង្រៀនមនុស្សឱ្យបរិភោគដោយការប្រុងប្រយ័ត្ន (បច្ចវេក្ខណវិធី) កុំអាងមានអី បរិភោគនោះ ប្រយ័ត្នវាពុល រាគរូស ក្អួតចង្អោរ ឆ្លងមេរោគ និងរៀនបរិភោគឱ្យល្មម (មត្តញ្ញុតា) កុំតិចពេក ខ្លាចវាឆាប់ហេវ គ្មានកំលាំងបំពេញការងារ និងកុំច្រើនពេកប្រយ័ត្នថ្ងៃក្រោយគ្មានអីឆី វាហល់ វាធាត់ជ្រុល វាដុះក្បាលពោះ ក្លាយខ្លួនទៅជាខ្ចិល ធ្វើការលែងកើត។ បើមានច្រើន បរិភោគមិនអស់ទេ យកវាទៅជួយអ្នកដទៃ ជួយសង្គម និងពិភពលោក (សង្គហៈធម៌)។

ផ្ទុយពីសេដ្ឋកិច្ចមូលធននិយមដែលផ្ដោតតែលើការបង្កើនចំណង់លោភៈរបស់មនុស្សឱ្យកាន់តែខ្លាំង ក្នុងគោលបំណងឱ្យមនុស្សមានតម្រូវការកាន់តែខ្ពស់ ដើម្បីពួកគេមានឱកាសលក់ផលិតផលចេញបានច្រើន បង្កើនកំណើនសេដ្ឋកិច្ច ដោយមិនគិតពីអន្តរាយធនធានធម្មជាតិនោះ សេដ្ឋកិច្ចពុទ្ធសាសនាផ្ដោតសំខាន់លើសុខុដុមភាពរវាងបុគ្គល+សង្គម+ធម្មជាតិ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ «បុគ្គល» ត្រូវតែចេះគ្រប់គ្រងចំណង់លោភៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រោះថាបើមិនដូច្នេះទេ ចំណង់នោះវានឹងទៅបំផ្លាញសង្គម និងធម្មជាតិជាមិនខាន។

នៅពេលដែលសង្គមនិងធម្មជាតិត្រូវបានបំផ្លាញអស់ហើយ ទោះបីចំណូលប្រចាំឆ្នាំ (GDP) របស់ប្រជាជនក្នុងប្រទេសនីមួយៗកើនឡើងដល់មួយរយលានដុល្លារក៏ដោយ ក៏វាគ្មានន័យអ្វីដែរ។ ព្រះពុទ្ធសម្ដែងថា៖ «ពិភពលោកនេះនឹងអន្តរាយដោយសារតែចំណង់គ្មានដែនកំណត់របស់មនុស្ស (កិលេសន្តរាយ)»។ ស្របគ្នាជាមួយនឹងព្រះពុទ្ធដែរ មហាត្មគន្ធីយល់ថា៖ «ពិភពលោកនេះវាគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្ស ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ភាពលោភលន់នៃមនុស្ស»។ iPhone 5s វាគ្រប់គ្រាន់សម្រាប់អ្នកដែលត្រូវការប្រើវា ប៉ុន្តែវានឹងមិនគ្រប់គ្រាន់សម្រាប់អ្នកចង់ហឺហារទេ (នេះជាករណីទូរសទ្ទខ្ញុំ ដែលតែងតែត្រូវបានគេបង្ខំឱ្យប្ដូរស៊េរីចេញ)។

សេដ្ឋកិច្ចពុទ្ធសាសនាមានវិសាលភាពធំណាស់ ខ្ញុំមិនអាចលើកមកសរសេរក្នុងអត្ថបទនេះអស់ទេ ព្រោះខ្ញុំគិតថាអត្ថបទនេះវាវែងល្មមឱ្យអ្នកទាំងអស់គ្នាខឹងខ្ញុំគ្រប់គ្រាន់ហើយ! ខ្ញុំសូមបញ្ចប់ដោយពាក្យជូនពរសូមឱ្យមានសេរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរទាំងអស់គ្នា! សូមអរគុណលោកសាស្រ្ដាចារ្យ Wolfgang Drechsler និងលោកគ្រូធម្មបណ្ឌិត Heng Monychenda ដែលតែងតែផ្ដល់ឯកសារសេដ្ឋកិច្ចនិងពុទ្ធសាសនាជាច្រើនក្នុងពេលកន្លងមក។ សូមឧទ្ទិសអត្ថបទនេះដល់ញោមប្រុសញោមស្រីទាំងពីរ។ សូមវិបាកវិញ្ញាណក្ខន្ធញោមបានទៅកើតកន្លែងដែលល្អៗ។

អត្ថបទដោយ៖ សាន​ ពិសិទ្ធិ

Click here to see the author information


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s