
«ប្រជាជននៅក្នុងប្រទេសខ្ញុំនឹងនាំគ្នាវាយកំទេចវាចោលភ្លាម ប្រសិនបើពួកគេបានឃើញវារត់កាត់មុខដូច្នេះ»
វេលាម៉ោងជិតប្រាំបួនយប់ ខ្ញុំនិងមិត្ររួមថ្នាក់របស់ខ្ញុំបានដើរចេញពីសាលារៀនសំដៅទៅកាន់ចំណតឡានក្រុង ដើម្បីធ្វើដំណើរត្រឡប់ទៅកាន់កន្លែងសម្រាករាងខ្លួនវិញ បន្ទាប់ពីបានបញ្ចប់មុខវិជ្ជា «បច្ចេកវិទ្យា សង្គម និងអនាគត»។ ខណៈពេលដែលពួកយើងកំពុងតែឈរចាំឡានក្រុងនៅក្រោមអាកាសធាតុដ៏សែនត្រជាក់ក្បែរសូន្យអង្សារនោះ ពួកយើងបានជជែកគ្នាពីនេះខ្លះពីនោះខ្លះដើម្បីបន្លប់ភាពរងារ។ រំពេចនោះមានរ៉ូបូតមួយ បានដឹកជញ្ជូនអាហារពីភោជនីយដ្ឋានមួយកន្លែងទៅឱ្យអតិថិជន។ ម្នាក់ក្នុងចំណោមពួកយើងបានបន្លឺសម្លេងថា៖ «ប្រជាជននៅក្នុងប្រទេសខ្ញុំ នឹងនាំគ្នាវាយកំទេចវាចោលភ្លាម ប្រសិនបើពួកគេបានឃើញវារត់កាត់មុខដូច្នេះ»។ ខ្ញុំមិនបាននិយាយអ្វីជំទាស់នឹងការលើកឡើងនោះទេ ក្រៅពីរងចាំស្ដាប់ការបកស្រាយរបស់នាង និងលួចគិតក្នុងចិត្តថា «ហេតុអ្វីក៏ពួកអ្នកស្រុកនោះគិតតែបំផ្លាញអ៊ីចឹង»?
បើមិនបានស្ដាប់ការបកស្រាយរបស់នាងទេនោះខ្ញុំនឹងតបទៅនាងវិញថា៖ «ប្រជាជននាងគួរតែរៀនត្រេកអរនឹងនវានុវត្តន៍នៃការបង្កើតថ្មីៗរបស់ពិភពលោក មិនគួរណានាំគ្នាទៅបំផ្លាញវាដូច្នេះទេ»។ ប៉ុន្តែក្រោយពីស្ដាប់ការបកស្រាយរបស់នាងហើយ ខ្ញុំគ្មានពាក្យអ្វីនិយាយតបនោះទេ ក្រៅតែពីចាត់ទុករឿងរ៉ាវនៃការវាយកំទេចរ៉ូបូតនេះជាសារដាស់ស្មារតីដ៏សំខាន់មួយសម្រាប់ខ្ញុំនៅក្នុងយុគសម័យបច្ចេកវិទ្យា៤.០នេះ។ ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មដំបូងនៅស.វ.ទី ១៨ មក របត់នៃសង្គមមនុស្ស មានការផ្លាស់ប្ដូរយ៉ាងខ្លាំងគឺ៖ ប្ដូរពីរបៀបរស់នៅតាមទីជនបទ មកប្រជុំគ្នានៅទីក្រុង ប្ដូរពីការប្រកបរបរចិញ្ចឹមជីវិតតាមស្រុកភូមិរាងៗខ្លួន មកធ្វើការនៅរោងចក្រឧស្សាហកម្មនានា និងប្ដូរពីការរស់នៅបែបសាមញ្ញ មកជាការរស់នៅតាមបែបទំនើបហាយសូ ។ល។
មិនត្រឹមតែផ្លាស់ប្ដូររបៀបរស់នៅសង្គមនុស្សតែម្យ៉ាងនោះទេ បដិវត្តន៍នេះក៏បានជំរុញកំណើនសេដ្ឋកិច្ចប្រទេសនីមួយៗ ជាពិសេសប្រទេសនៅទ្វីបអឺរ៉ុបនិងអាមេរិកតែម្ដង តាមរយៈការផលិតនិងការបង្កើតសម្ភារៈថ្មីៗ ដើម្បីបម្រើសេចក្តីត្រូវការមនុស្សជាតិ។ មួយផ្នែកធំនៃភាពរីកចម្រើនទាំងនោះ បានកើតចេញមកពីសម្បទានគំនិតសេដ្ឋវិទូនិងទស្សនវិទូជាច្រើនរូបនាសម័យនោះ ប៉ុន្តែគំនិតដែលធ្វើឱ្យសង្គមមូលធននិយមនេះ មានសន្ទុះខ្លាំងបំផុតនោះគឺគំនិតដែលប្រសូតចេញពីសៀវភៅមួយដែលមានចំណងជើងថា «ភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយ»ឬ«The Wealth of Nations» របស់សេដ្ឋវិទូអាដាម ស្មីត ដែលត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជាបិតាសេដ្ឋកិច្ចមូលធននិយម។
ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន លោកស្មីតបានលើកឡើងពីគោលគំនិត «បាតដៃអរូបិយ៍»ឬ«Invisible Hand» នៃសេដ្ឋកិច្ចទីផ្សារសេរី ឬនិយាយតាមភាសាសាមញ្ញថាប្រព័ន្ធសេដ្ឋកិច្ចមួយដែលរដ្ឋមិនគួរជ្រៀតជ្រែកការប្រកបអាជីវកម្មរបស់វិស័យឯកជន។ សេដ្ឋកិច្ចមូលធននិយមអាចរីកចម្រើនទៅបាន លុះណាតែប្រជាជនមានសេរីភាពក្នុងការធ្វើពាណិជ្ជកម្ម សេរីភាពក្នុងការបង្កើតថ្មី សេរីភាពក្នុងការប្រកួតប្រជែង និងសេរីភាពក្នុងការបរិភោគប្រើប្រាស់ធនធាន។ ដំណើរការនៃភាពរីកចម្រើននេះ វាកើតចេញពីមូលហេតុចង់មានចង់បានរបស់បុគ្គលម្នាក់ៗ ការប្រកួតប្រជែងដោយសេរី តម្រូវការនិងការផ្គត់ផ្គង់។ ឧបមាថាមានក្រុមហ៊ុនពីរ លក់ទំនិញដូចគ្នា ដើម្បីយកឈ្នះគូប្រជែងរបស់ខ្លួន ពួកគេត្រូវកែលំអសេវាកម្ម ពង្រឹងគុណភាពទំនិញ ខំប្រឹងកែច្នៃ ប្រឹងបង្កើតអ្វីថ្មីៗ និងលក់ចេញក្នុងតម្លៃថោកល្មម ។ល។ ទំនិញថ្មី មានគុណភាពល្អ មានតម្លៃថោកសមរម្យ នឹងអាចទាញចំណាប់អារម្មណ៍របស់អតិថិជនឱ្យចំណាយប្រាក់ទិញទំនិញពួកគេច្រើនជាមិនខាន ដែលនឹងធ្វើឱ្យនាយទុនឬមូលធននិកទទួលបានប្រាក់ចំនេញច្រើន។ ការចំណេញរបស់នាយទុនម្នាក់ៗនេះហើយ ដែលត្រូវបានលោកស្មីតចាត់ទុកថាជាមូលហេតុនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ការរីកចម្រើនបែបនេះ ត្រូវបានគេកំណត់ថាបានកើតចេញមកពីយុទ្ធសាស្រ្ដ «បាតដៃសម្ងាត់»ឬ«បាតដៃអរូបិយ៍» របស់អាដាម ស្មីត។
ដោយសារតែមានការប្រកួតប្រជែងទីផ្សារគ្នាដូច្នេះហើយ បានជំរុញឱ្យក្រុមហ៊ុននីមួយៗពង្រឹងទាំងគុណភាព និងសេវាកម្ម ដោយការខិតខំបង្កើតអ្វីដែលថ្មីៗ ដើម្បីស្រូបយកចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ឱ្យងាកមកចំណាយធនធានទៅលើក្រុមហ៊ុនរបស់ពួកគេ។ បច្ចេកវិទ្យានិងសម្ភារៈទំនើបជាច្រើន បានរីកដុះដាលដូចផ្សិតនៅក្នុងរយៈពេលប៉ុន្មានទស្សវត្ស៍ចុងក្រោយនេះ។ ការផលិតច្រើនដូចនេះ បានធ្វើឱ្យតម្លៃនៃទំនិញនោះមានការធ្លាក់ចុះ ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពទិញប្រើប្រាស់បាន។ តម្រូវការកាន់តែច្រើន ការផលិតក៏កើនឡើង បានជំរុញកំណើតសេដ្ឋកិច្ចយ៉ាងរហ័ស។ ដោយឈរលើបុព្វហេតុនៃផលប្រយោជន៍ផ្ទាល់ខ្លួន និងការពង្រីកប្រាក់ចំណេញឱ្យបានកាន់តែខ្ពស់នោះ ពួកនាយទុនតែងតែប្រើយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីអន្ទោងចិត្តអ្នកប្រើឱ្យឈ្លក់វង្វេងនឹងផលិតផលរបស់ខ្លួន ដោយការឃោសនាផ្សេងៗមានដូចជាការអភិវឌ្ឍផ្នែកសម្ភារៈនិយមនឹងធ្វើឱ្យជីវិតមនុស្សមានក្ដីសុខ ថ្លៃថ្នូនៅក្នុងសង្គម និងរុងរឿងទៅថ្ងៃអនាគតជាដើម។ តើសម្ភារៈបច្ចេកវិទ្យាទំនើបទាំងនោះ ពិតជាធ្វើឱ្យមនុស្សមានក្ដីសុខមែនឬទេ?
វាពិតជារឿងដ៏ពិបាកមួយក្នុងការស្ដីបន្ទោសសកម្មភាពដែលមនុស្សកំពុងតែពេញនិយមខ្លាំងថាវាជារឿខុស វាជះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល និងវាផ្ដល់ផលប្រយោជន៍ដល់មនុស្សតែមួយក្រុមតូចនោះណាស់។ ព្រោះថាបើយើងហ៊ានលើកឡើងបែបនេះ យើងនឹងពិបាកទទួលបានការគាំទ្រពីមជ្ឈដ្ឋានទូទៅណាស់ ជាពិសេសគឺមជ្ឈដ្ឋានដែលមូលធនិយមកំពុងតែមានឥទ្ធិពលខ្លាំង។ ជាក់ស្ដែង កាល់ម៉ាក្ស៍ ដែលជាទស្សនវិទូប្រឆំាងនឹងប្រព័ន្ធមូលធននិយមដ៏លេចធ្លោរមួយរូបនោះ បានទទួលរងផលអវិជ្ជមានជាច្រើនបន្ទាប់ពីគាត់បានរិះគន់លើប្រព័ន្ធនេះ។ ជីវិតគាត់ត្រូវបានគេបណ្ដេញចេញពីប្រទេសមួយទៅប្រទេសមួយ រហូតដល់ថ្ងៃស្លាប់គឺមានមនុស្សត្រឹមតែដប់មួយនាក់ប៉ុណ្ណោះបានមកចូលរួមបុណ្យសពគាត់។ នៅក្នុងសៀវភៅ Das Kapital របស់គាត់ ម៉ាក្ស៍បានរិះគន់សង្គមមូលធនថា៖ បានផ្ដល់ផលចំណេញចំពោះតែនាយទុនមួយក្ដាប់តូចប៉ុណ្ណោះ និងធ្វើឱ្យគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំទៅៗ។ អ្វីដែលគាត់បានលើកឡើងមួយសតវត្ស៍មុននោះ វាពិតជាបានកើតឡើងក្នុងពេលបច្ចុប្បន្ននេះមែន។ យោងតាមរបាយការណ៍ Oxfam ដែលចុះផ្សាយក្នុងការសែត The Guardian ឆ្នាំ២០១៧ បានលើកឡើងថា៖ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីត្រឹមតែប្រាំបីនាក់ប៉ុណ្ណោះ គឺមានចំនួនស្មើរនឹងទ្រព្យសម្បតិទាំងអស់របស់ប្រជាជនក្រីក្រពាក់កណ្ដាលពិភពលោក។
ក្រោយពីមរណភាពទៅ គំនិតសង្គមនិយមដែលប្រឆាំងសង្គមមូលធនរបស់គាត់ ត្រូវបានគេយកទៅអនុវត្តនៅក្នុងប្រទេសមួយចំនួនមានដូចជា៖ សហភាពសូវៀត ចិន កូរ៉េខាងជើង វៀតណាម និងកម្ពុជាប្រជាធិបតេយ្យ ។ល។ ប៉ុន្តែដោយសារតែភាពជ្រុលនិយមពេក ជាពិសេសគឺការឹតត្បិតសេរីភាពបញ្ចេញមតិ ជំនឿ សាសនា ។ល។ របស់លទ្ធិនេះ បានបណ្ដាលឱ្យមនុស្សរាប់សិបលាននាក់បានស្លាប់ក្រោមរូបភាពនៃការអនុវត្តគោលការណ៍នេះ។ ការលើកឡើងបែបនេះមិនមែនមានន័យថា គំនិតសេរីភាពក្នុងការប្រកួតប្រជែងរបស់មូលធននិយមមិនបានបង្ករវិនាសកម្មដល់ពិភពលោកនោះទេ។ ភាពលោភលន់និងការដណ្ដើមផលប្រយោជន៍សេដ្ឋកិច្ចទីផ្សារគ្នារវាងប្រទេសមូលធននិយម បានបង្ករឱ្យមានសង្គ្រាមលោកនៅក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ អន្តរាយធនធានធម្មជាតិ បម្រែបម្រូរអាកាសធាតុ កូរ៉ូណា(?) ។ល។
ភាពជ្រុលនិយមនៃសង្គមនិយមរបស់ម៉ាក្ស៍ (អត្តកិលមដ្ឋានុយោគៈ) បានធ្វើឱ្យមនុស្សខ្លាចរអារ ចំណែកឯភាពទំនើបនិយមនៃសង្គមមូលធន (កាមសុខល្លិកានុយោគៈ) បាននិងកំពុងទំយើរមនុស្សហួសហេតុពេក។ ខ្សែរភាពយន្តមួយរបស់ស្ដេចកំប្លែងសាក់ឡូដែលមានចំណងជើងថា៖ «Modern Times» ក្នុងឆ្នាំ ១៩៣៦ បានឆ្លុះបញ្ចាំងពីជីវិតតស៊ូដ៍លំបាកនៅក្នុងការស្វែងរកការងារចិញ្ចឹមក្រពះនៅក្នុងយុគៈនៃភាពរីកចម្រើនផ្នែកម៉ាស៊ីនទំនើបៗ ដែលត្រូវបានមូលធននិកយកទៅប្រើជំនួសការងារមនុស្ស ដើម្បីកាត់បន្ថយការចំណាយប្រាក់ខែលើកម្មករ និងដើម្បីបង្កើនការផលិតរបស់ពួកគេឱ្យបានច្រើន ក្នុងគោលដៅយកប្រៀបទៅលើការប្រកួតប្រជែងនៅក្នុងទីផ្សារសេរី។ បច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍ជាងគេនៅក្នុងខ្សែរភាពយន្តនោះគឺម៉ាស៊ីនបញ្ចុកបាយ ដែលគេផលិតឡើងដើម្បីបង្កើនសេចក្តីសុខដល់អ្នកមានធនធានច្រើន អ្នករវល់ខ្លាំង និងអ្នកគ្មានពេលហូបបាយដោយដៃខ្លួនឯងផ្ទាល់។ ដើម្បីពិសោធន៍មើលពីដំណើរការម៉ាស៊ីននោះ លោកសាក់ឡូត្រូវបានគេជ្រើសរើសជាមនុស្សដំបូងគេនៅក្នុងការធ្វើតេស្ដ៍។ ជារឿងដ៏ល្អមួយដែលការធ្វើតេស្ដ៍នោះបរាជ័យ បើមិនដូច្នេះទេ យើងប្រហែលជាត្រូវមានម៉ាស៊ីនបញ្ចុកបាយនៅតាមផ្ទះម្នាក់មួយគ្រឿងដែរហើយ។
ក្នុងសករាជបញ្ញាសិប្បនិម្មិត(Artificial Intelligence)នេះ មានសម្ភារៈនិងបច្ចេកវិទ្យាទំនើបដែលគ្មានអត្ថន័យជាច្រើនត្រូវបានគេបង្កើតឡើងក្នុងគោលដៅពង្រីកចំណង់មនុស្សនិងបង្កើនប្រាក់ចំណេញ។ ប្រសិនបើយើងដើរចូលទៅក្នុងហាងកាហ្វេឬអាហារដ្ឋានមួយកន្លែងដែលគ្មានមនុស្សសូម្បីម្នាក់។ ចំណែកឯសេវាកម្ម កាហ្វេ ឬម្ហូបត្រូវបានចំអិននិងដំណើរការដោយរ៉ូបូតដែលបំពាក់ដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត តើយើងនឹងមានអារម្មណ៍បែបណា? ដំបូងនឹងគិតថារំភើប អស្ចារ្យ ទំនើបទាន់សម័យ ប៉ុន្តែបើគិតឱ្យជ្រៅជាងនេះបន្តិចនោះ នឹងធ្វើឱ្យយើងយល់ថា យើងកំពុងតែបាត់បង់នូវរសជាតិពិតនៃជីវិត ដែលកើតចេញទំនាក់ទំនងរវាងមនុស្សនិងមនុស្សបន្តិចម្ដងៗ។ រូបរបស់យើងដែលថតដោយកាមេរ៉ាតម្លៃមួយពាន់ដុល្លារ និងគូរដោយខ្មៅដៃលើផ្ទាំងក្រដាស់សរមួយសន្លឹក ដែលមានតម្លៃត្រឹមតែពីរឬបីដុល្លារនោះ តើមួយណាមានអត្ថន័យសម្រាប់យើងជាងគេ? គ្មានម៉ាស៊ីនឬបច្ចេកវិទ្យាទំនើបណាមួយអាចចំអិនអាហារបានឆ្ងាញ ឬអាចធ្វើឱ្យមនុស្សសប្បាយរីករាយជាងមនុស្សគ្នាឯងនោះទេ ព្រោះមនុស្សគឺជាអ្នកបញ្ចូលនូវរសជាតិ មនោសញ្ចេតនា និងអត្ថន័យនៅក្នុងរបស់ទាំងនោះ។
សេដ្ឋកិច្ចបែបពុទ្ធសាសនាគឺស្ថិតនៅចំណុចកណ្ដាល (មជ្ឈិមាបដិបទា) ភាពជ្រុលហួសហេតុនៃសង្គមនិយមរបស់ម៉ាក្ស៍ និងភាពទំនើបនិយមនៃសង្គមមូលធន។ ដូចដែលយើងបានដឹងហើយថាសេដ្ឋកិច្ចគឺជាកិច្ចការដែលធ្វើឱ្យសង្គមទទួលបានភាពរីកចម្រើន និងធ្វើឱ្យមនុស្សទទួលបានសេចក្តីសុខពីការរីកចម្រើននោះ។ ខ្ញុំពុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រាប់មិត្រអ្នកអានថាគួរធ្វើយ៉ាងណា ទើបយើងអាចទទួលបានសេចក្តីសុខពិតប្រាកដពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ ក្រៅតែពីការលើកយកមេរៀនប្រកបដោយបទពិសោធន៍ដ៏ល្អឥតខ្ចោះរបស់ព្រះពុទ្ធ មកចែករំលែកនៅក្នុងទីនេះនោះទេ។ ព្រះពុទ្ធមិនបានបដិសេធថាភាពរីកចម្រើនផ្នែកសម្ភារៈបច្ចេកវិទ្យាទំនើបទាំងនោះមិនបានផ្ដល់សេចក្តីសុខដល់មនុស្សនោះទេ។ ហើយក៏មិនបានប្រាប់ថាសេចក្ដីសុខរបស់យើងអាស្រ័យទាំងស្រុងទៅលើវត្ថុទាំងអស់នោះដែរ។
បើផ្អែកតាមអ្វីដែលព្រះពុទ្ធបានបង្ហាត់បង្រៀន ឃើញថាសុខមានបីប្រភេទធំៗគឺ៖ ក. សុខដែលកើតចេញពីភាពជាម្ចាស់ការលើអ្វីមួយ (សាមិសសុខ/កាមសុខ), ខ. ភាពសុខស្ងប់ដែលកើតចេញពីការអប់រំផ្លូវចិត្តបានល្អ (ឈាន), និង គ. សុខដែលកើតចេញពីការមិនជាប់ចំពាក់លើវត្ថុសម្ភារៈឬអារម្មណ៍អ្វីមួយ (និរាមិសសុខ/វិមុតិ្តសុខ)។ ដើម្បីសម្រេចបានសុខថ្នាក់ដំបូង ព្រះពុទ្ធបានណែនាំថា៖ ត្រូវខំប្រឹងប្រែងរកប្រាក់ ត្រូវចេះចាយប្រាក់ដែលរកបាននោះឱ្យបានត្រឹមត្រូវ [យកទៅជួយខ្លួនឯងនិងគ្រួសារ(២៥%) យកទៅវិនិយោគរកស៊ី (៥០%) និងយកទៅជួយសង្គម(២៥%)] កុំរៀនខ្ចីរបស់គេប្រើប្រាស់ និងកុំធ្វើការងារណាដែលខុសច្បាប់ប្រទេសឬខុសសីលធម៌សង្គមសាសនា។ ដើម្បីសម្រេចបានសុខថ្នាក់កណ្ដាល ព្រះពុទ្ធណែនាំឱ្យយើងរៀនអប់រំចិត្ត ចម្រើនសមាធិ និងគេចចេញពីកន្លែងដែលច្របូកច្របល់។ សុខពីរប្រភេទខាងលើនេះជាសុខដែលអាស្រ័យនឹងអារម្មណ៍និងការបរិភោគប្រើប្រាស់ផ្សេងៗ វាអាចប្រែប្រួលទៅជាការការខកចិត្តបានគ្រប់ពេល នៅពេលយើងបាត់បង់វា ឬនៅពេលដែលយើងជាប់ជំពាក់ជាមួយវាខ្លាំងពេក។ ចំណែកឧត្តមសុខចុងក្រោយនេះ ជាសុខទៀងទាត់ឬសុខដ៏ខ្ពង់ខ្ពស់មួយដែលសំណេរមនុស្សសាមញ្ញដូចជាខ្ញុំមិនអាចពិពណ៌នាត្រូវ ព្រោះមនុស្សដែលអាចពន្យល់សុខប្រភេទនេះបានគឺជាអ្នកដែលមានចិត្តរួចផុតពីការជាប់ជំពាក់ដោយលោភៈ ទោសៈ និងមោហៈ (ក្នុង«គម្ពីរវិមុត្តិមគ្គ»របស់អរហន្តឧបតិស្សៈ ដែលត្រូវបានប្រែជាភាសាចិនដោយព្រះសង្ឃខ្មែរនាមសង្ឃបាល/សង្ឃវរ្ម័ន និងជាភាសាខ្មែរដោយធម្មបណ្ឌិតហេង មណីចិន្តា មានពន្យល់លម្អិតពីសុខប្រភេទនេះ)។
សរុបរួមមកដើម្បីសម្រេចបានសេចក្តីសុខតាមបែបសេដ្ឋកិច្ចពុទ្ធសាសនា បុគ្គលម្នាក់ៗត្រូវយល់ពីសារៈសំខាន់វៃទំនាក់ទំនងរវាងចិត្តនិងតម្លៃនៃសម្ភារៈបច្ចេកវិទ្យាទំនើបទាំងនោះ។ នៅក្នុងអត្ថបទរបស់តេជគុណ ភី.អេ បយុត្តោ បញ្ញវន្តដ៏ល្បីផ្នែកសេដ្ឋកិច្ចពុទ្ធសាសនាជាតិថៃបានលើកឡើងថា៖ ការបង្កើតសម្ភារៈបច្ចេកវិទ្យាថ្មីៗ ប្រកបដោយភាពលោភលន់ហួសហេតុ នឹងនាំទៅរកការបំផ្លាញនូវតម្លៃមនុស្សនៅក្នុងសង្គម។ ខ្ញុំមិនមានការបារម្ភខ្លាំងពេកទេថា បច្ចេកវិទ្យាទាំងនោះនឹងធ្វើឱ្យមនុស្សបាត់បង់ការងារ រហូតដល់ថ្នាក់ទៅវាយកំទេចរ៉ូបូតដូចប្រជាជនដែលខ្ញុំបានលើកឡើងខាងលើនោះទេ។ អ្វីដែលខ្ញុំបារម្ភនោះគឺ ភាពរីកចម្រើននៃបច្ចេកវិទ្យាទាំងនោះ អាចឈានទៅដល់ការបំផ្លាញតម្លៃការងារ ទំនាក់ទំនងបុគ្គលនិងធម្មជាតិ និងការប្រែប្រួលនៃរបត់សង្គមមនុស្សប៉ុណ្ណោះ។ ខ្ញុំសូមបញ្ចប់អត្ថបទនេះដោយពាក្យជូនពរឱ្យអ្នកទាំងអស់គ្នា គេចផុតពីជម្ងឺឆ្លងទាំងឡាយ សមដូចពុទ្ធដីការថា៖ «ការមិនមានរោគ ជាលាភដ៏ឧត្តម»។ សូមឧទ្ទិសអត្ថបទនេះដល់ញោមប្រុសនិងញោមស្រីទាំងពីរ។
អត្ថបទដោយ៖ សាន ពិសិទ្ធិ
Click here to see the author information