សង្គមពុទ្ធ សង្គមឈ្លូស សង្គមខ្លា

រូបភាពក្រុមព្រះសង្ឃធ្វើការងារសង្គមក្នុងខេត្តបាត់ដំបងចូលទៅថ្វាយបង្គំនិងស្ដាប់ឱវាទព្រះមហាវិមលធម្ម ពិន សែម ក្នុងថ្ងៃអាសាឡ្ហបូជា

កាលនៅរៀនពុទ្ធិកបឋមសិក្សាវត្តអន្លង់វិល ខ្ញុំបានអានអត្ថបទមួយរបស់ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា។ អត្ថបទនោះបានរៀបរាប់ពីពាក្យថា «សង្គម» អមជាមួយនឹងការពន្យល់ដ៏គួរឱ្យជក់ចិត្ត។ រចនាករបានប្រដូចពាក្យ «សង្គម» (संगम) ជាភាសាបាលី ជាមួយនឹងពាក្យ «សង្គ្រាម» (संग्राम) ជាភាសាសំស្រ្កឹត ថាមាន័យអាចប្រើជំនួសគ្នាបាន។ សម្រាប់អស់លោកអ្នកសិក្សាអក្សរសាស្រ្ដបាលី ប្រាកដជាបានឃើញពាក្យ៖ «សង្គមៈ» និង «សង្គាមៈ» ហើយ។ ពាក្យទាំងពីរនេះមានឬសគល់មកពី «សំ+គម» ដូចគ្នា ប៉ុន្តែនិយមន័យនៃពាក្យទាំងពីរនេះ មានសភាពធ្ងន់ស្រាលជាងគ្នាបន្តិចគឺ៖ «សង្គមៈ» ការប្រមូលផ្ដុំគ្នាដើម្បីជជែកពិភាក្សា ឯពាក្យ «សង្គាមៈ» ការប្រមូលផ្ដុំគ្នាដើម្បីវៃ កាប់ចាក់ ទាត់ធាក់ ទាស់ទែងគ្នា។ ពាក្យ «សង្គម» ត្រូវបានគេប្រើទៅក្នុងបរិបទស្រាលៗដូចជាសង្គមគ្រួសារ សង្គមជាតិ​ សង្គមសង្ឃ សង្គមនិយម ។ល។ រីឯពាក្យ «សង្រ្គាម» ត្រូវបានគេប្រើនៅក្នុងបរិបទធ្ងន់ៗដូចជា សង្គ្រាមក្នុងស្រុក សង្រ្គាមលោក សង្គ្រាមត្រជាក់សូវៀតនិងអាមេរិក ឬសង្រ្គាមពាណិជ្ចកម្មត្រាំនិងចិនជាដើម។ នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ពាក្យថា «សង្គម» ត្រូវបានគេភ្ជាប់ជាមួយនឹងពាក្យថា «បណ្ដាញ» ទៅជា «បណ្ដាញសង្គម» ដើម្បីជំនួសឱ្យពាក្យ «Social Media»។

ទោះបីជាទិដ្ឋភាពទូទៅពាក្យ «សង្គម» នេះ មានន័យស្រាលជាងពាក្យថា «សង្គាមៈ» ឬ «សង្គ្រាម» ក៏ដោយ ក៏ឬសគល់នៃពាក្យនេះគឺមកពីប្រភពដូចគ្នា។ បើលោកអ្នកមិនយល់ទាស់ទេ សូមអនុញ្ញាតិឱ្យខ្ញុំប្រើពាក្យ «សង្គ្រាម» ជំនួសឱ្យពាក្យថា «សង្គម» ឧ. សង្រ្គាមគ្រួសារ…បណ្ដាញសង្រ្គាម ។ល។ ជាដើម ដើម្បីងាយយល់ ព្រោះពាក្យទាំងពីរហ្នឹងបានបង្ហាញពីជំនួបរវាងមនុស្សពីរនាក់ឬពីរក្រុមដូចគ្នា។ ជំនួបនេះតែងតែឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងក្រុមមួយទៅក្រុមមួយទៀតដោយគេចមិនផុត បើមិនខុសគ្នាផ្នែកទង្វើ (កាយកម្ម) ក៏គង់ខុសគ្នាផ្នែកសម្ដី (វចីកម្ម) ឬផ្នែកគំនិត (មនោកម្ម)​ ខ្លះៗជាមិនខាន។ បើខុសគ្នាបន្តិចបន្តួចអាចនៅជាមួយគ្នាក្នុងនាមជាសង្គមបាន ប៉ុន្តែបើខុសគ្នាខ្លាំង ពាក្យថាសង្រ្គាមនឹងត្រូវបានគេប្រើជំនួសពាក្យថាសង្គមវិញជាក់ជាមិនខាន។

ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា បានជួយសម្រួលដល់គោលនយោបាយសាកលភាវូបណីយកម្ម ឬការលុបបំបាត់រនាំងព្រំដែននៃប្រជាជាតិទាំងឡាយបានយ៉ាងច្រើន ជាពិសេសគឺបានបង្កើតបណ្ដាញដើម្បីទាញសង្គមដែលធ្លាប់តែនៅដាច់ពីគ្នាឱ្យមកនៅជិតគ្នា ឃើញមុខគ្នារាល់ថ្ងៃ ឮសម្លេងគ្នារាល់ថ្ងៃ ឆ្លើយឆ្លងគ្នាបានរាល់ថ្ងៃ ។ល។ បណ្ដាញនេះបានទាញគ្រប់សង្គមទាំងអស់ឱ្យមកនៅជិតគ្នា ដោយមិនខ្វល់ថា សង្គមនេះជាសង្គមពុទ្ធ សង្គមនេះជាសង្គមខ្លា សង្គមនេះជាសង្គមឈ្លូសអីទេ ដោយរំពឹងថាសង្គមទាំងនោះនឹងនៅជាមួយគ្នាដោយភាពសុខសប្បាយ។ ការលុបបំបាត់រនាំងព្រំដែនបែបនេះ អាចធ្វើឱ្យសង្គមខ្លាសប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែក៏អាចធ្វើឱ្យសង្គមឈ្លូសព្រលឹងចុងសក់ផងដែរ ព្រោះជារឿយៗ យើងឃើញសង្គមឈ្លូសរត់ចែកជើងគ្នាព្រាត់ នៅពេលសង្គមខ្លាឃ្លានម្ដងៗ។ បើសំណាងសង្គមឈ្លូសនៅមានក៏គេចផុតមួយគ្រាទៅ បើអស់បុណ្យហើយក៏ក្លាយជាចំណីសង្គមខ្លាទៅ។

សង្គមពុទ្ធនិងសង្គមឈ្លូសអាចរស់នៅដោយសុខសប្បាយបានលុះណាតែ (ក) មានរនំាងការពារខ្លួន (ខ) គេចឱ្យឆ្ងាយពីសង្គមខ្លា ឬ (គ) សង្គមខ្លាមិនឃ្លានចំណី។ ជម្រើស «ខ» ហាក់ដូចជាពិបាកធ្វើបន្តិច ព្រោះថាពិភពលោកនេះត្រូវបានគេបំព្រួញមកនៅត្រឹមតែចុងម្រាមដៃលើកញ្ជក់ស្មាតហ្វូនមួយបាត់ទៅហើយ គេចទៅណាក៏មិនផុតពីការជួយ Like ជួយ Share ដែរ ចំណែកឯជម្រើស «គ» កាន់តែមិនអាចទៅរួចទៀតហើយ ព្រោះថាគ្មានខ្លាឯណាមួយដែលមិនចេះឃ្លានចំណីទេ មានតែខ្លាជ័រ។ ដូច្នេះហើយ មានតែគុណវុឌ្ឍិនិងភាពខ្លាំងរបស់បុគ្គលម្នាក់ៗទេ ទើបអាចជារនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាពពីសង្គមខ្លាបាន។ រនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាពរបស់សង្គមពុទ្ធិគឺ៖ «ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ចាមិ»។ បើពន្យល់តាមន័យបុរាណគឺថា បើមានបញ្ហាអ្វី ឱ្យបួសសួងដល់ព្រះទៅ ព្រះជួយហើយ ប៉ុន្តែបើពន្យល់តាមន័យរបស់ពាក្យ (សរណំ) គឺថាបើមានបញ្ហាអ្វី សូមរលឹកដល់វិធីសាស្រ្ដ ដែលព្រះធ្លាប់បានប្រើដើម្បីដោះស្រាយនូវបញ្ហានោះទៅ។

រយៈពេល៤៥ឆ្នាំនៃការបំពេញបេសកម្ម ព្រះពុទ្ធបានជួបបញ្ហានិងជួបមនុស្សគ្រប់ប្រភេទ។ មនុស្សខ្លះមកពីសង្គមឈ្លូសក៏ស្រួលនិយាយគ្នាទៅ ចំណែកមនុស្សខ្លះទៀតមកពីសង្គមខ្លា មិនត្រឹមតែពិបាកនិយាយគ្នាទេ ថែមទាំងនាំគ្នាដេញកាប់ព្រះក៏មាន (អង្គុលីមារ) ខ្លះជួលឃាតករឱ្យមកសម្លាប់ព្រះក៏មាន (ទេវទត្ត) ខ្លះជួលមនុស្សឱ្យមកជេរព្រះក៏មាន (នាងមាគន្ធិយា) ខ្លះខ្ចិលជួលគេខ្លាចខាតប្រាក់ ក៏មកជេរព្រះខ្លួនឯងក៏មាន (នាងចិញ្ចារ)។ វិធីសាស្រ្ដដែលព្រះពុទ្ធយកមកដោះស្រាយជាមួយបុគ្គលទាំងនោះមានប្រភេទផ្សេងៗគ្នា។ មនុស្សខ្លះយល់ខុសល្មមៗក៏ព្រះជួយបានទៅ (អង្គុលីមារ…) ឯខ្លះទៀតយល់ខុសធ្ងន់ធ្ងរពេក ក៏បណ្ដោយតាមនិស្ស័យទៅ (ទេវទត្ត…)។ ព្រះពុទ្ធតែងតែឆ្លើយតបជាមួយនឹងមនុស្សដែលជេរប្រមាថព្រះអង្គ  ដោយភាពស្ងៀមស្ងាត់ឬការអត់ធ្មត់ ដែលជាវិធីសាស្រ្ដដ៏ថ្លៃថ្នូរនិងមានប្រសិទ្ធិភាពបំផុត។​

រឿងព្រះពុទ្ធត្រូវបានគេជេរមិនចេះខឹងនេះ បានល្បីដល់បុរសម្នាក់ឈ្មោះអក្កោសកព្រាហ្មណ៍ ដែលជាអ្នកមានឯកទេសខាងជេរ ព្រោះគាត់បានរៀនវិជ្ជាផ្ជាញ់ផ្ជាល់យ៉ាងស្ទាត់ជំនាញពីក្នុងគម្ពីរព្រាហ្មណ៍។ គាត់បានដើររាប់រយគីឡូម៉ែត្រដើម្បីយកវិជ្ជាដែលគាត់បានរៀននោះទៅជេរព្រះ។ បន្ទាប់ពីបានជេរចប់ ព្រះបានសួរគាត់វិញថា៖ «ម្នាលព្រាហ្មណ៍ តើអ្នកធ្លាប់មានភ្ញៀវទៅលេងផ្ទះដែរឬទេ»? អក្កោសក៖ «ធ្លាប់» (ឆ្លើយទាំងគំរោះគំរើយ)។ ព្រះ៖ «តើអ្នកធ្លាប់ដាក់ម្ហូបអាហារដើម្បីទទួលភ្ញៀវដែរឬទេ»?  អក្កោសក៖ «ធ្លាប់»។ ព្រះ៖ «ចុះបើភ្ញៀវនិយាយថាខ្ញុំទើបតែបរិភោគរួច មិនអាចបរិភោគបានទៀតទេ តើអ្នកយករបស់នោះទៅណាដែរ»? អក្កោសក៖ «បើគេមិនបរិភោគទេ ខ្ញុំទុកបរិភោគខ្លួនឯង»។​ ព្រះ៖ «ត្រូវហើយ អ្នកដូចជាម្ចាស់ផ្ទះដែលទទួលតថាគត (ពាក្យដែលព្រះពុទ្ធប្រើដើម្បីហៅខ្លួនព្រះអង្គ) ដោយពាក្យជេរដែរ ប៉ុន្តែក្នុងចិត្តតថាគតពេញដោយសេចក្តីសុខហើយ…តថាគតមិនទទួលយកពាក្យជេររបស់អ្នកឡើយ ដូច្នេះពាក្យជេររបស់អ្នកគឺស្ថិតនៅតែក្នុងមាត់និងក្នុងចិត្តរបស់អ្នកប៉ុណ្ណោះ»។

វាពិតជារឿងដ៏ពិបាកមួយសម្រាប់សង្គមពុទ្ធនិងសង្គមឈ្លូស នៅពេលដែលសង្គមខ្លាតាមប្រមាញ់ម្ដងៗ។ ដើម្បីសុវត្ថិភាពយើងតែងតែប្រើវិធីសាស្រ្ដឬរនាំងផ្សេងៗដើម្បីការពារខ្លួនពីការតាមប្រមាញ់នោះ។ វិធីសាស្រ្ដខ្លះក៏ស្របនឹងគោលការណ៍សង្គមពុទ្ធខ្លួនឯងទៅ ប៉ុន្តែពេលខ្លះសង្គមពុទ្ធហាក់ដូចជាទៅខ្ចីវិធីសាស្រ្ដឃោរឃៅសង្គមខ្លាមកប្រើប្រាស់វិញ (បើអ្នកខាំខ្ញុំ ខ្ញុំខាំអ្នកវិញដែរ)។ ខ្ញុំគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីអារកាត់ថា ការទៅខ្ចីវិធីសាស្រ្ដពីសង្គមខ្លាមកប្រើប្រាស់ វាជារឿងមិនត្រឹមត្រូវនោះទេ ប៉ុន្តែខ្ញុំមានជំនឿចិត្តថា ប្រសិនបើព្រះពុទ្ធមានព្រះជន្មនៅទាន់សម័យនេះ ហើយសង្គមពុទ្ធត្រូវបានវាយប្រហារតាមបណ្ដាញសង្គមខ្លា ឬបណ្ដាញសង្រ្គាមបែបនេះ ព្រះពុទ្ធនឹងណែនាំយើងឱ្យនៅស្ងៀម ឱ្យអត់ធ្មត់ដូចអ្វីដែលព្រះអង្គបានណែនាំកាលពី ២៦០០ ឆ្នាំមុនដែរ។

នៅក្នុងព្រះសូត្រមួយឈ្មោះថា «មហាហត្ថិបទោបម» ព្រះសារីបុត្របានលើកយកឱវាទព្រះពុទ្ធទៅរំលឹកសង្គមសង្ឃថា៖ «ម្នាលអ្នកទាំងឡាយដ៏មានអាយុ បើជនទាំងឡាយដទៃ បៀតបៀនភិក្ខុនោះ ដោយសម្ផស្ស (ការប៉ះពាល់ដោយ)ដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយគ្រឿងសស្ត្រាក្តី ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ។ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយនេះឯង ជាធម្មជាតិសម្រាប់រងសម្ផស្ស (ការពាល់ត្រូវដោយ) ដៃខ្លះ ដុំដីខ្លះ ដំបងខ្លះ គ្រឿងសស្ត្រាខ្លះ ។ ព្រោះហេតុនោះ បានជាព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដីកានេះ ទុកក្នុងឱវាទ ដែលមានឧបមាដូចរណារ ថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើចោរទាំងឡាយ ជាអ្នកធ្វើអំពើថោកទាប គប្បីអារអវយវៈតូចធំទាំងឡាយ ដោយរណារ ដែលមានដងទាំងពីរខាង ភិក្ខុណាមួយ មានចិត្ត (មិនអត់ធន់) ប្រទូស្តរាយព្រោះជម្ងឺ ដែលពួកចោរអារនោះ ភិក្ខុនោះឈ្មោះថា មិនធ្វើតាមពាក្យប្រដៅ របស់តថាគត ដោយហេតុដែលមិនអត់ធន់នោះ។»  

ស្ដាប់មើលទៅហាក់ដូចជាព្រះពុទ្ធបង្រៀនមនុស្សឱ្យកំសាកអ៊ីចឹង ព្រោះថាគេជេរក៏មិនឱ្យតបត គេវៃក៏មិនឱ្យតបត គេសម្លាប់ក៏មិនឱ្យតបត។ បើធ្វើតាមអ្វីដែលព្រះបានប្រាប់ ប្រហែលជារកផ្លូវរស់មិនឃើញទេមើលទៅ។ មនុស្សធម្មតានឹងយល់ថា មានតែមនុស្សកំសាក់ប៉ុណ្ណោះដែលធ្វើបែបនេះ ប៉ុន្តែព្រះពុទ្ធយល់ផ្ទុយវិញថា មានតែមនុស្សខ្លាំងប៉ុណ្ណោះ ទើបអាចធ្វើបែបនេះបាន ព្រោះព្រះអង្គយល់ថា៖ ភ្លើងកំហឹងនឹងមិនត្រូវបានរំលត់ដោយកំដៅភ្លើងទេ ប៉ុន្តែវានឹងរលត់ដោយភាពត្រជាក់ (អក្កោធេន ជិនេ កោធំ) ភាពអាក្រក់នឹងមិនត្រូវបានកម្ចាត់ដោយភាពអាក្រក់ទេ ប៉ុន្តែនឹងរលាយបាត់ដោយភាពល្អ (អសាធុំ សាធុនោ ជិនេ)…ពាក្យមិនពិតនឹងត្រូវបានរលាយបាត់ទៅវិញដោយពា្យពិត (សច្ចេនាលិកវាទិនំ)។

ជារួមមក បណ្ដាញសង្គមបានទាញសង្គមពុទ្ធ សង្គមឈ្លូស សង្គមខ្លាឱ្យមកនៅជាមួយគ្នា ដោយរំពឹងថាសង្គមទាំងនោះនឹងនៅជាមួយគ្នាជាសុខ។  សង្គមទាំងនោះអាចនៅជាសុខជាមួយគ្នាបានលុះណាតែពួកគេព្រមទទួលយកភាពយូនិក (Uniqueness) របស់សង្គមនីមួយៗបានសិន បើមិនដូច្នេះទេវានឹងក្លាយទៅជាសង្រ្គាមពុទ្ធ សង្រ្គាមឈ្លូស សង្រ្គាមខ្លាជាមិនខាន។ ខ្ញុំសង្ឃឹមថាសង្គមពុទ្ធនឹងប្រកាន់ភា្ជប់នូវភាពយូនិករបស់ខ្លួន (ភាពត្រជាក់ មេត្តា អហឹង្សា) ជានិច្ច នៅពេលដែលត្រូវបានសង្គមខ្លាតាមប្រមាញ់ម្ដងៗ ព្រោះយើងមិនអាចហាមខ្លាមិនឱ្យឃ្លានបានទេ ហើយយើងរឹតតែមិនអាចខាំខ្លាវិញបានទៀត ព្រោះយើងមិនមានសារធាតុឃោរឃៅដូចខ្លា។ អ្វីដែលយើងគួរធ្វើគឺយកពាក្យថា «ពុទ្ធំ សរណំ គច្ឆាមិ» មកប្រើនៅពេលដែលដើរចូលទៅក្នុងសង្គមខ្លាម្ដងៗ ដើម្បីពិចារណាថាតើបញ្ហានេះ ព្រះពុទ្ធធ្លាប់បានដោះស្រាយដោយរបៀបណា ព្រោះនៅក្នុងពុទ្ធសសនាមានដំណោះស្រាយល្អៗច្រើនណាស់។ សូមឧទ្ទិសអត្ថបទនេះដល់ញោមប្រុសស្រីទាំងពីរ!

អត្ថបទដោយ៖ សាន ពិសិទ្ធិ

Click here to see the author information