មាគ៌ាឆ្ពោះទៅរកអរិយសង្គម

ការពីសប្ដាហ៍មុនខ្ញុំបានអានអត្ថបទមួយដែលចុះផ្សាយដោយគេហទំព័រសប្បាយញូស៍។ អត្ថបទនោះបានរៀបរាប់ពីព្រះចៅអធិរាជចិនមួយអង្គ ទ្រង់បានកសាងរាជវាំងដ៏ធំមហិមាមួយ គ្រប់ដណ្ដបលើផ្ទៃដីប្រមាណ៧០ហិកតា។ នៅក្នុងថ្ងៃនេះឆ្នាំមុនខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីធ្វើទិដ្ឋាការ ហើយសល់ពេលក៏បានឆ្លៀតចូលទៅទស្សនារាជវាំងនោះដែរ គឺពិតជាស្រស់ស្អាតដូចអ្វីដែលគេបាននិយាយមែន ប៉ុន្តែខ្ញុំមិនបាននឹកដល់ថាព្រះរាជាសម័យនោះមិនបានកសាងបង្គន់ក្នុងរាជវាំងដ៏ធំមហិមា ព្រោះទ្រង់មិនចង់ឱ្យក្លិនមិនល្អចេញពីបង្គន់នោះទៅបំផ្លាញភាពប្រណិតនៃរាជវាំងបែបនេះនោះទេ។ រាជវាំងគឺតំណាងឱ្យភាពប្រណិតឬស្ថានសួគ៌នៅក្នុងភពមនុស្សដែលគេសាងសងឡើងសម្រាប់អាទិទេពសន្មតិ (សម្មតិទេវ)។ ដើម្បីរក្សាប្រណិតភាពបរមរាជវាំង វត្ថុដែលត្រូវនាំចូលនិងបញ្ចេញចោល គឺត្រូវតែមានការគ្រប់គ្រងដ៏ច្បាស់លាស់បំផុតមួយ។

បន្ទាប់ពីបានអានរាជបំណងរបស់ព្រះចៅអធិរាជចិនអង្គនោះហើយ បានធ្វើឱ្យខ្ញុំនឹកដល់រឿងដែលធ្វើឱ្យមនុស្សរវល់ពេញមួយជីវិតនោះគឺប្រណិតភាពនៃជីវិត។ ដើម្បីភាពប្រណិតនៃជីវិត មនុស្សព្យាយាមស្រូបយកប្រតិកម្មផ្សេងៗពីបរិយាកាសខាងក្រៅតាមរយៈភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយវិការ និងចិត្ត (អាយតនៈខាងក្នុង) ហើយក៏ត្រូវបញ្ចេញប្រតិកម្មនោះទៅកាន់បរិយាកាសខាងក្រៅវិញតាមរយៈរូប សម្លេង ក្លិន រសជាតិ សម្ផស្ស និងធម៌ (អាយតនៈខាងក្រៅ) ដើម្បីប្រណិតភាពសង្គមដែលពួកគេកំពុងតែរស់នៅ។ ការស្រូបយកប្រតិកម្មពីខាងក្រៅគឺជាតម្រូវការរបស់បុគ្គលម្នាក់ៗ ហើយការបញ្ចេញប្រតិកម្មរបស់បុគ្គលម្នាក់ៗទៅខាងក្រៅវិញគឺជាវិភាគទានទៅកាន់សង្គម ឬនិយាយតាមភាសាសេដ្ឋសាស្រ្ដថាការផ្គត់ផ្គង់និងតម្រូវការ (supply and demand)។

សកម្មភាពដែលចេញពីការផ្គត់ផ្គង់និងតម្រូវការនេះ គឺជាវិថីដ៏សំខាន់នៅក្នុងការអភិវឌ្ឍជីវិតនិងសង្គមជាតិ ពីហីនភាព (ភាពមិនប្រសើរ) ឆ្ពោះទៅអរិយភាព (ភាពប្រសើរ)។ នៅក្នុងមាគ៌ាឆ្ពោះទៅរកអរិយភាពនេះ យើងម្នាក់ៗដើរតួរជាអ្នកបរិភោគផងនិងជាអ្នកផ្គត់ផ្គង់ផង។ ក្នុងនាមជាអ្នកបរិភោគ មានជម្រើសពីរដែលយើងត្រូវជ្រើសរើសគឺការបរិភោគដើម្បីឆ្ងាញ់ គឺមិនខ្វល់ពីផលប៉ះពាល់ដល់ខ្លួនឯងនិងបរិស្ថានជុំវិញខ្លួន (បរិភោគតាមចំណងតណ្ហា) និងការបរិភោគដើម្បីសុខភាព គឺការបរិភោគដោយការយកចិត្តទុកដាក់ (បរិភោគតាមបច្ចវេក្ខណវិធី)។ ដើម្បីសុខភាពភ្នែក សុខភាពត្រចៀក សុខភាពច្រមុះ សុខភាពអណ្ដាត សុខភាពរូបកាយ និងសុខភាពចិត្ត យើងត្រូវបរិភោគរូបភាព បរិភោគសម្លេង បរិភោគក្លិន បរិភោគរសជាតិ បរិភោគសម្ផស្ស និងបរិភោគធម៌ដោយប្រុងប្រយ័ត្នបំផុត។

ក្នុងនាមជាអ្នកផ្គត់ផ្គង់ក៏ដូចគ្នា ត្រូវផ្គត់ផ្គង់រូបភាពឥរិយាបថ សម្លេង ក្លិន រសជាតិ សម្ផស្ស និងធម៌ដែលមានគុណភាពដល់មនុស្សជុំវិញយើង ដើម្បីកុំឱ្យពួកគេស្រូបយកទៅបរិភោគប្រើប្រាស់ហើយវានាំឱ្យពុល ចុកពោះ រាគរូស ឡើងទម្ងន់ ធាត់ជ្រុល ឬខូចសុខភាពជាដើម។ កាលសម័យបច្ចេកវិទ្យាមិនទាន់ទំនើប ប្រតិកម្មដែលចេញពីបុគ្គលម្នាក់ៗ វាមានឥទ្ធិពលតែទៅលើមនុស្សដែលជុំវិញពួកគេតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែសម័យបច្ចេកវិទ្យាទំនើបនេះវាមិនដូច្នោះទេ គឺវាមានឥទ្ធិលដល់មនុស្សរាប់ពាន់ រាប់ម៉ឺន ឬអាចឈានដល់ចំនួនរាប់លាននាក់ផងក៏ថាបាន តាមរយៈការចែកចាយបន្តនៅក្នុងបណ្ដាញសង្គម។

នៅក្នុងដំណើរឆ្ពោះទៅរកអរិយភាពនេះ ព្រះពុទ្ធបានបង្រៀនពីវិថីជីវិតប្រាំបីយ៉ាងគឺៈ ១)ការយល់ឃើញត្រូវក្នុងរឿងហេតុនិងផល, ២)ការគិតត្រូវក្នុងរឿងជីវិត, ៣)ពំនោលត្រូវ, ៤)ទង្វើត្រូវ, ៥)អាជីវកម្មត្រឹមត្រូវ, ៦)ការព្យាយាមត្រូវ, ៧)ការមានសតិល្អ, និង ៨)ការចេះតម្កល់ចិត្តបានល្អ។ មាគ៌ាទាំងប្រាំបីយ៉ាងនេះ អាចបង្រួមមកនៅត្រឹមតែគោលការណ៍បីយ៉ាងគឺៈ ក)ការអភិវឌ្ឍសមត្ថភាពគំនិតចំណេះដឹង (បញ្ញា), ខ)គឺការអភិវឌ្ឍឥរិយាបថមនុស្សនៅក្នុងសង្គម (សីល), និង គ)ការអភិវឌ្ឍសមត្ថភាពនៅក្នុងការគ្រប់គ្រងប្រតិកម្ម (សមាធិ)។

ជាធម្មតាយើងយល់ថាមាគ៌ាទាំងប្រាំបីយ៉ាងខាងលើនេះ មានតួនាទីត្រឹមតែអភិវឌ្ឍមនុស្សពីហីនជន (ជនមិនប្រសើរ) ទៅអរិយជន (ជនប្រសើរ) ប៉ុណ្ណោះ ប៉ុន្តែបើយើងពិនិត្យមើលដោយលម្អិតនោះ យើងនឹងឃើញលើសពីនេះទៀតគឺការកែប្រែសង្គមពីហីនសង្គមទៅជាអរិយសង្គម។ ដូចដែលខ្ញុំបានលើកឡើងពីខាងដើមហើយថាសកម្មភាពមនុស្សយើងមានពីរយ៉ាងសំខាន់ៗគឺការស្រូបយកប្រតិកម្មពីខាងក្រៅមកដាក់ក្នុងខ្លួន និងការបញ្ចេញប្រតិកម្មពីក្នុងខ្លួនទៅកាន់បរិយាកាសខាងក្រៅវិញ ដែលអ្នកសេដ្ឋសាស្រ្ដហៅថាតម្រូវការនិងការផ្គត់ផ្គង់នោះ។

រូបភាព វីដេអូ ចំណេះដឹង ការអប់រំ ព័ព៏មាន អត្ថបទ សំណេរ…គឺជាតម្រូវការនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ ហើយតម្រូវការទាំងអស់នោះគឺមិនពិបាករកទេ ជាពិសេសគឺនៅក្នុងសម័យបច្ចេកវិទ្យារីកចម្រើននេះតែម្ដង គ្រាន់តែយើងបើកភ្នែកពីដំណេកភ្លាម រូបភាព វីដេអូ…ចំណេះដឹង ការឃោសនា ព័ត៏មានរាប់រយ រាប់ពាន់ រាប់ម៉ឺន…បានមកឈរចាំយើងនៅខាងមុខផ្ទះរួចស្រេចបាត់ទៅហើយ។ របស់ខ្លះពិត របស់ខ្លះក្លែងក្លាយ របស់ខ្លះមានវីតាមីន របស់ខ្លះមានកាឡូរីខ្ពស់ របស់ខ្លះបង្កបជាតិពុល បើយើងបរិភោគប្រើប្រាស់ដោយមិនមានការប្រុងប្រយ័ត្នទេ (over consumption) វានឹងនាំឱ្យកើតជំងឺ រាគរូស ធាត់ជ្រុល ឬអាចដល់ថ្នាក់ពុលបាត់បង់សតិជាដើម (ហីនជន)។ ដូចនេះ បញ្ញា (សម្មាទិដ្ឋិៈ ការយល់ត្រូវក្នុងវិថីហេតុផល និងសម្មាសង្កប្បៈ ការគិតត្រូវក្នុងរឿងជីវិត) មានតួនាទីជាអ្នកតាមប្រាប់យើងថារបស់នេះពិត របស់នេះមិនពិត របស់នេះមានកាឡូរីខ្ពស់ របស់នេះមានកាឡូរីទាបបរិភោគប្រើប្រាស់ទៅវានឹងនាំឱ្យមានសុខភាពល្អ និងមានសេចក្តីសុខជាដើម (អរិយជន)។

បន្ទាប់ពីបានបរិភោគប្រើប្រាស់ស្រូបយកប្រតិកម្មពីបរិយាកាសខាងក្រៅហើយ យើងក៏ត្រូវបញ្ចេញប្រតិកម្មរបស់យើងម្នាក់ៗទៅកាន់បរិស្ថានខាងវិញដោយចៀសមិនផុត។ ការបញ្ចេញប្រតិកម្មរបស់បុគ្គលម្នាក់ៗទៅកាន់បរិយាកាសខាងក្រៅនេះ ភាសានៅក្នុងព្រះពុទ្ធសាសនាលោកហៅថា «សីល» ឬ «វិន័យ»។ ព្រះពុទ្ធគឺបុគ្គលដែលគិតពីសុខមាលភាពសង្គមដ៏ខ្លាំងបំផុតមួយអង្គ ដូច្នេះហើយបានជាការគ្រប់គ្រងការបញ្ចេញប្រតិកម្មរបស់បុគ្គលម្នាក់ៗទៅកាន់បរិយាកាសខាងក្រៅគឺជាគោលការណ៍សំខាន់បំផុតមួយនៅក្នុងវិថីឆ្ពោះទៅរកអរិយភាព។ វាចា (ពំនោល), កម្មន្តៈ (ទង្វើ), និងអាជីវៈ (អាជីវកម្ម) ទាំងបីនេះគឺជាប្រតិកម្មប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗទៅកាន់បរិស្ថានខាងក្រៅ។ វាអាចក្លាយទៅជាពំនោលបោកប្រាស់មិនបានការ ទង្វើអាក្រក់ ឬអាជីវកម្មទុច្ចរិតជាដើម បើមិនមានពាក្យថា «សម្មា» ឬ «ត្រឹមត្រូវ» នៅជាមួយនឹងប្រតិកម្មនោះទេ។ ប្រសិនបើយើងមិនបានយកពាក្យ «សម្មា» ឬ «ល្មម» ទៅភ្ជាប់ជាមួយនឹងប្រតិកម្មប្រចាំថ្ងៃរបស់យើងទេ គ្រួសារ មិត្តស្និទស្នាល មិត្ររួមការងារ និងមនុស្សស្គាល់គ្នាទាំងខាងក្រៅនិងក្នុងបណ្ដាញសង្គមរាប់ពាន់នាក់ទៀតនឹងត្រូវពុលឬគ្រោះថ្នាក់ ដោយសារតែការផ្គត់ផ្គង់ប្រតិកម្មដែលគ្មានគុណភាពរបស់យើងនេះឯង។

នៅក្នុងដំណើរការនៃការស្រូបយកប្រតិកម្មពីបរិយាកាសខាងក្រៅនិងការបញ្ចេញវាទៅវិញនោះ សមាធិ (ការព្យាយាមត្រូវ, ការមានសតិល្អ, ការចេះតម្កល់ចិត្តបានល្អ) បានដើរតួនាទីជាអ្នកលាងជម្រះប្រតិកម្មទាំងនោះឱ្យស្អាតមុនពេលយើងស្រូបវាចូល និងមុនពេលយើងបញ្ចេញវាមកខាងក្រៅវិញ។ ជាធម្មតា មុននឹងយើងបរិភោគបន្លែផ្លែឈើអ្វីមួយ គឺយើងតែងលាងជម្រះវាជាមុនសិន ទើបយើងហ៊ានបរិភោគ ជាពិសេសក្នុងយុគវិបត្តកូរ៉ូណានេះតែម្ដង ព្រោះយើងខ្លាចរបស់ទាំងនោះមានផ្ទុកបាក់តេរី ។ រូបភាព វីដេអូ ចំណេះដឹង ព័ត៏មាន សំណេរ អត្ថបទ អាចមានផ្ទុកបាក់តេរីខ្លះៗនៅក្នុងនោះក៏អាចថាបាន ដោយសារតែអ្នកផ្គត់ផ្គង់ឬអ្នកចែកចាយមិនបានលាងជម្រះវាឱ្យស្អាតល្អ។ ដូច្នេះហើយក្នុងនាមជាអ្នកប្រើប្រាស់ យើងត្រូវតែយក«សមាធិ»នេះទៅលាងជម្រះវាផង មុនពេលយើងសម្រេចចិត្តថាបរិភោគ។ អ្នកផ្គត់ផ្គង់ក៏ដូចគ្នា មុនពេលសម្រេចចិត្តថាចែកចាយ សូមពិនិត្យមើលថារូបភាព…ព័ត៏មាន…អត្ថបទនោះ មានផ្ទុកបាក់តេរីឬទេ ដើម្បីសុខភាព និងសុវត្ថិភាពមនុស្សដែលនៅជុំវិញយើងរាប់ពាន់នាក់។

សំណេរនេះគ្រាន់តែជ្រុងមួយនៃការយល់បន្តិចបន្តួចរបស់ខ្ញុំនៅក្នុងអរិយមគ្គតែប៉ុណ្ណោះ ខ្ញុំសំណូមពរឱ្យមិត្រអ្នកអានស្វែងរកអានអត្ថបទរបស់បញ្ញវន្តផ្សេងៗ ដែលសរសេររៀបរាប់ពីមាគ៌ាដ៏ប្រសើរទាំងប្រាំបីយ៉ាងនេះបន្ថែមទៀត ដើម្បីបានយល់កាន់តែច្បាស់ពីមាគ៌ានេះ។

អត្ថបទដោយៈ សាន ពិសិទ្ធិ

Click here to view the author’s biography

Leave a comment