Book Review: A Promised Land ឬ ដែនដីនៃក្ដីសង្ឃឹម

A Promised Land ឬ «ដែនដីនៃក្ដីសង្ឃឹម» គឺជាស្នាដៃនិពន្ធលើកទីបីរបស់អតីតប្រធានាធិបតីអូបាមា បន្ទាប់ពីសៀវភៅ Dream from My Father និង The Audacity of Hope។ «ដែនដីនៃក្ដីសង្ឃឹម» របស់អូបាមាបានក្លាយជាសៀវភៅដែលលក់ដាច់បំផុត។​ ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ សៀវភៅនេះ មានអ្នកទិញយកទៅអានរហូតដល់ជិតមួយលានក្បាល។ សៀវភៅនេះទទួលបានការពេញនិយមខ្លាំងអាចបណ្ដាលមកពីលោកជាមនុស្សល្បីស្រាប ជាអតីតមេដឹកនាំប្រទេសមហាអំណាច និងអាចមកពីលោកជាបញ្ញវន្តដែលមានទេពកោសល្យក្នុងការនិយាយនិងការសរសេរ ដែលគេធ្លាប់បានដឹងពីមុនមកតាមរយៈស្នាដៃនិពន្ធ និងសុន្ទរកថារបស់លោក។ នៅក្នុងសៀវភៅដែលមានកម្រាស់ជិតមួយពាន់ទំព័រនេះ លោកអូបាមាបានចំណាយពេលជិតបួនឆ្នាំ ដើម្បីសរសេររៀបរាប់ពីកុមារភាពរបស់លោកជាមួយនឹងម្ដាយ ជីវិតគ្រួសារ ជំនឿ ទស្សនៈនយោបាយ ការរើសអើងជាតិសាសន៍នៅក្នុងសង្គមអាមេរិក និងការធ្វើការសម្រេចចិត្តក្នុងអំឡុងពេលនៃកាន់អំណាចរបស់លោក។

លោកអូបាមាបានយកសៀវភៅនេះជាវេទិកាមួយដើម្បីធ្វើការឆ្លើយបំភ្លឺរាល់ការសម្រេចចិត្តផ្សេងៗរបស់លោកដូចជាការសម្រេចចិត្តរឿងផ្ទាល់ខ្លួន រឿងគ្រួសារ និងរឿងនយោបាយ ដែលការសម្រេចចិត្តខ្លះ លោកបានរៀបរាប់ថាគឺជាសម្រេចចិត្តដែលធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាពនយោបាយ មិនទទួលបានការគាំទ្រពីសមាជិកគណបក្សលោក ពីភរិយា និងពីប្រជាពលរដ្ឋទេ ប៉ុន្តែលោកនៅតែធ្វើវា នៅពេលដែលលោកយល់ថាវាជារឿងចាំបាច់សម្រាប់ប្រទេសជាតិ។ «ដែនដីនៃក្ដីសង្ឃឹម» របស់លោកបានរៀបរាប់ថា ក្នុងនាមជាមេដឹកនាំប្រទេសមហាអំណាចមួយរូប លោកមិនមានអំណាចគ្រប់យ៉ាង ចង់ធ្វើអ្វីតាមតែចិត្តលោកចង់បានឡើយ។ អូបាមាបានបង្ហាញពីផលវិបាករបស់លោកក្នុងការអនុម័តគោលនយោបាយដែលមិនទទួលបានគាំទ្រពីដៃគូប្រជែងលោក ជាក់ស្ដែងដូចជាគោលនយោបាយផ្ដល់ការធានារ៉ាប់រងសុខភាពដល់ប្រជាពលរដ្ឋ ឬ Obamacare របស់លោក តែងតែទទួលបានការជំទាស់ពីដៃគូរប្រឆាំង។

«ដែនដីនៃក្ដីសង្ឃឹម» របស់អូបាមា បានបង្ហាញអ្នកអានពីព្រឹត្តិការណ៍នានានៅពីក្រោយឆាកនៃការអនុវត្តគោលនយោបាយរបស់លោកក្នុងនាមជាប្រធានាធិបតី។ ព្រឹត្តិការណ៍ខ្លះតក់ស្លុត កំប្លែង ហួសចិត្ត ខកចិត្ត កម្សត់ សប្បាយ ។ល។ ដែលភាគច្រើនសុទ្ធតែជាព្រឹត្តិការណ៍ដែលអ្នកអានពុំសូវធ្លាប់បានដឹងពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះពីមុនមក។ តាមពិតសៀវភៅដែលមានកម្រាស់ដ៏ក្រាស់មួយក្បាលនេះ មិនបានគ្របដណ្ដប់លើព្រឹត្តិការណ៍នៃការកាន់អំណាចទាំង ៨ ឆ្នាំរបស់លោកនោះទេ។ ក្នុងសៀវភៅនេះ អូបាមាបានផ្ដោតសំខាន់តែទៅលើព្រឹត្តិការណ៍ពីរឬបីឆ្នាំនៃការកាន់អំណាចអាណត្តិដំបូងរបស់លោកតែប៉ុណ្ណោះ។

នៅក្នុងសៀវភៅនេះ អូបាមា បានពន្យល់យ៉ាងលំអិតពីការដោះស្រាយវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ របស់លោក។ បើផ្អែកតាមការរៀបរាប់របស់លោក អ្នកសិក្សាផ្នែកសេដ្ឋកិច្ចអាចធ្វើសេចក្តីសន្និដ្ឋានបានថាលោកបានប្រើប្រាស់គោលការណ៍សេដ្ឋកិច្ចលោកចន មេណាតខេន ដើម្បីដោះស្រាយវិបត្តិមួយនេះ ដោយការចាក់សាច់ប្រាក់ជាច្រើនរយពាន់លានដុល្លារទៅលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងគោលបំណងធ្វើឱ្យទីផ្សារដំណើរការឡើងវិញតាមរយៈការចំណាយរបស់រដ្ឋ។ រដ្ឋបាលលោកក៏បានចំណាយប្រាក់រាប់រយពាន់លានដុល្លារផ្សេងទៀតដែរ ដើម្បីជួយស្រោចស្រង់ធានាគារនិងក្រុមហ៊ុនឯកជនធំៗជាច្រើនទៀតដែលជិតនឹងក្ស័យធនដោយសារតែវិបត្តិសេដ្ឋកិច្ចមួយនេះ។ ការធ្វើបែបនេះ ថ្វីដ្បិតថាអាចជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ចនិងក្រុមហ៊ុនធំៗរបស់អាមេរិកបានយ៉ាងណាក៏ដោយ ក៏លោកខ្លួនឯងផ្ទាល់ទទួលបានការរិះគន់យ៉ាងខ្លាំងពីដៃគូប្រឆាំងនិងពលរដ្ឋអាមេរិកថាយកប្រាក់ដែលពលរដ្ឋបង់ពន្ធ ទៅជួយតែពួកមូលធនឬក្រុមហ៊ុនអ្នកមានដែលមានចំនួនត្រឹមតែមួយភាគរយនៃពលរដ្ឋអាមេរិកប៉ុណ្ណោះ។ អូបាមាបានបញ្ជាក់ថាគោលនយោបាយខ្លះ ទោះបីលោកដឹងជាមុនថាលោកត្រូវបាត់បង់ប្រជាប្រិយភាពដោយសារវាក៏ដោយ ប៉ុន្តែបើវាមានផលប្រយោជន៍ដល់ជាតិ លោកនឹងអនុវត្តវាភ្លាម។ ជាក់ស្ដែងដូចជាគោលនយោបាយសេដ្ឋកិច្ចរបស់លោកជាដើម បើលោកបណ្ដោយឱ្យក្រុមហ៊ុនទាំងនោះដួលរលំ ពលរដ្ឋជាច្រើននឹងបាត់បងការងារកាន់តែច្រើនជាងមុន។

អូបាមាក៏បានបង្ហាញទស្សនៈនៃការយល់ឃើញរបស់លោកចំពោះបុគ្គលសំខាន់ៗផងដែរ ដែលអ្នកខ្លះមានទំនោរនយោបាយស្របជាមួយលោក និងអ្នកខ្លះទៀតជាដៃគូប្រជែងលោក។ នៅក្នុងសៀវភៅវនេះ អូបាមាបានសរសើរដៃគូរប្រជែងលោកគឺលោកមិតរូមនី និងលោកចន ម៉ាខេន ដែលលោករៀបរាប់ថាទោះបីពួកគេមានទស្សនៈគោលនយោបាយមិនស្របគ្នាជាមួយនឹងលោកក៏ដោយ ក៏ពួកគេមានភាពថ្លៃថ្នូក្នុងនាមជាអ្នកនយោបាយដែរ។ អូបាមាបានសរសើរពីភាពក្លាហានរបស់លោកចន ម៉ាខេន ដែលជាដៃគូប្រជែងរបស់លោកនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០០៨ ប៉ុន្តែបែរជាចេញមុខមកការពារលោកនៅពេលដែលអ្នកគាំទ្របក្សសាធារណរដ្ឋចោទប្រកាន់លោកថាជាមនុស្សមិនគួរឱ្យទុកចិត្ត និងជាគ្រោះថ្នាក់សម្រាប់អាមេរិកជាដើម។ លោកអូបាមាក៏បានលើកឡើងពីការផ្សព្វផ្សាយទ្រឹស្ដីរើសអើងជាតិសាសន៍ជ្រុលនិយមរបស់លោកត្រាំផងដែរ ដែលលោកចាត់ទុកថាជាចលនាមួយទទួលបានការពេញនិយមខ្លាំងនៅក្នុងសង្គមអាមេរិក ហើយក៏ជាចលនាដ៏គ្រោះថ្នាក់ផងដែរ។

ចំពោះការអនុវត្តគោលបាយបរទេសវិញ លោកបានលើកឡើងពីភាពស្មុគស្មាញលាយឡំជាមួយនឹងមោទនភាពរបស់រដ្ឋបាលលោកក្នុងការចូលធ្វើអន្តរាគមន៍នៅក្នុងវិបត្តិនយោបាយសហព័ន្ធអារ៉ាប់ សង្រ្គាមនៅអ៊ីរ៉ាក អ៊ីរ៉ង់ ប៉ាគិស្ថាន ការទាញអីស្រាអែលនិងប៉ាលេស្ទិនឱ្យមកកាន់តុចចារសន្តិភាព  ការចរចារទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ការចចារនយោបាយជាមួយរុស្សី ការពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា ការពង្រីកឥទ្ធិពលនៅក្នុងប្រទេសសមាជិកអាស៊ាន និងការសហការជាមួយសហគមន៍អ៊ឺរ៉ុបដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចជាដើម។ លោកបានបញ្ចាក់នៅក្នុងសៀវភៅលោកថា រដ្ឋបាលលោកមិនមានគោលនយោបាយដើម្បីប្រែក្លាយប្រទេសដែលកាន់របបកុម្មុយនិស្ដឱ្យមកគោរពប្រជាធិបតេយ្យដូចអាមេរិកនោះទេ ប៉ុន្តែមូលហេតុដែលអាមេរិកចូលអន្តរាគមន៍ វិបត្តិនយោបាយនៅលីបី និងអេហ្សិប ដើម្បីទាមទាឱ្យមេដឹកនាំផ្ដាច់ការទាំងនោះ ងាកមកគោរពការចង់បានរបស់ពលរដ្ឋនោះ ក៏ដោយសារតែប្រទេសទាំងនោះទទួលបានជំនួយ ដែលជាប្រាក់បង់ពន្ធរបស់ពលរដ្ឋអាមេរិករាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ ដូច្នេះទោះបីចង់ឬមិនចង់ លោកត្រូវតែប្រើសិទ្ធិនិងអំណាចដែលលោកមាន ដើម្បីបញ្ឈប់ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ដោយរបបផ្ដាច់ការទាំងនោះ។

នៅក្នុងសៀវភៅដែលមានកម្រាស់ជិតមួយពាន់ទំព័រនេះ យើងឃើញមានពាក្យ «កម្ពុជា» តែបីពាក្យប៉ុណ្ណោះ​ ដែលលោកអូបាមាបានយកមកសរសេរនៅក្នុងសៀវភៅរបស់លោក។ ពាក្យទាំងបីនោះ លោកអូបាមាបានយកមកពិពណ៌នាពី (ក) របបប្រល័យពូជសាសន៍ខ្មែរក្រហម្ម  (ខ) ភាពក្រីក្ររបស់​ប្រជាជនកម្ពុជា និង (គ) ប្រជាជនស្លូតត្រង់កម្ពុជាដែលត្រូវបានគេសម្លាប់នៅក្នុងរបបអំណាចផ្ដាច់ការ។

ក្រៅពីការរៀបរាប់ពីព្រឹត្តិការណ៍នយោបាយរបស់លោកហើយ អូបាមាក៏បានលើកឡើងពីជំនឿផ្ទាល់ខ្លួនរបស់លោកដែរ។ លោករៀបរាប់ថាលោកមិនជឿទៅលើរឿងខ្មោចបិសាចអ្វីនោះទេ ប៉ុន្តែលោកគោរពទៅលើសរណវត្ថុដែលមនុស្សទូទៅគោរព។ ជាក់ស្ដែងនៅក្នុងជំពូកមួយដែលលោករៀបរាប់ពីការជជែកដេញដោលគោលនយោបាយជាមួយដៃគូរប្រជែងនោះ អូបាមាបានសរសេរថាលោកតែងតែដាក់ពុទ្ធបដិមាតូចមួយ (Miniature Buddha) នៅក្នុងហោប៉ៅអាវធំរបស់លោក។ លោកថារាល់ពេលដែលលោកបាត់បង់ជំនឿចិត្ត ឬមានអារម្មណ៍ភ័យខ្លាចអ្វីមួយ លោកតែងតែយកដៃទៅអង្អែលពុទ្ធបដិមាតូចនោះ បន្ទាប់មកអារម្មណ៍របស់លោកក៏វិលមករកភាពប្រក្រតីវិញ។

«ដែនដីនៃក្ដីសង្ឃឹម» របស់អូបាមាបានធ្វើឱ្យអ្នកអានមានអារម្មណ៍ថាពួកគេកំពុងតែអង្គុយស្ដាប់ប្រធានាធិបតីរូបនេះរៀបរាប់ពីការសម្រេចចិត្តអនុវត្តគោលនយោបាយដោយផ្ទាល់។ ដោយសារលោកជាបញ្ញវន្តដែលមានទេពកោសល្យនៅក្នុងការសរសេរ លោកបានធ្វើឱ្យអ្នកអានមានអារម្មណ៍ថាពួកគេកំពុងតែស្ថិតនៅក្នុងសេតវិមានជាមួយប្រធានាធិបតី ហើយបានឃើញរាល់ទិដ្ឋភាពទាំងអស់របស់មេដឹកនាំកំពូលរូបនេះធ្វើការដោយផ្ទាល់។ តាមរយៈសៀវភៅនេះ អូបាមាចង់លើកទឹកចិត្តដល់អ្នកអានឱ្យមានក្ដីសង្ឃឹម ឱ្យមានភាពជឿជាក់ទៅលើភាពត្រឹមត្រូវ និងការខិតខំប្រឹងប្រែង ដែលអាចផ្លាស់ប្ដូរវាសនាមនុស្សបាន។ ដូចជារូបលោកផ្ទាល់ ដែលជាជនជាតិស្បែកខ្មៅ ដែលធ្លាប់តែសង្គមរើសអើង ដែលសង្គមតែងតែយល់ថាពួកស្បែងខ្មៅជាជនអាក្រក់កាចសាហាវតាមរយៈខ្សែរភាពយន្តដែលពួកគេធ្លាប់បានទស្សនា បានក្លាយជាប្រធានាធិបតីប្រទេសមហាអំណាច ដឹកនាំពិភពលោកបាន។ លោកបានបន្តថា ការជាប់ឆ្នោតធ្វើជាប្រធានាធិបតីរបស់លោកនេះ មិនមែនត្រឹមជាការសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់លោកតែម្នាក់ឯងនោះទេ​ ប៉ុន្តែវាក៏ជាការផ្ដល់ក្ដីសង្ឃឹម និងការផ្ញើរសារដល់យុវជនដែលត្រូវបានសង្គមរើសអើងជាច្រើនលាននាក់ទៀតថា ពួកគេក៏អាចសម្រេចក្ដីសង្ឃឹមរបស់ពួកគេដូចលោកដែរ។

វិវេចនាដោយៈ សាន ពិសិទ្ធិ

Click here to view the author’s biography


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s