សេដ្ឋកិច្ចសម្មាមគ្គ៖ ជ្រុងមួយនៃការយល់ឃើញទៅលើកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា

ពិភពលោកយើងនេះ បានដើរចេញពីទំនៀមទម្លាប់និយម មករកភាពជឿនលឿននិយម ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មដំបូងដែលមានដើមកំណើតចេញពីសង្គមអឺរ៉ុបនៅសតវត្សទី ១៨ មកម្លេះ។ ការស្រាវជ្រាវបែបវិទ្យាសាស្រ្ដ របបគំហើញថ្មី ការបង្កើតថ្មី ការជំរុញកំណើនផលិតកម្ម ការពង្រីកទីផ្សារ គឺសុទ្ធតែជារឿងដែលប្រទេសទាំងឡាយនៅក្នុងពិភពលោកចាត់ទុកថា ជាគោលការណ៍អាទិភាពនៅក្នុងការ  ពន្លឿនដំណើរការអភិវឌ្ឍ ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្ហាញមោទនភាពខ្លួននៅលើឆាកអន្តរជាតិ។

នៅពេលដែលសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់ដោយគ្រាប់បែកបរមាណូ មនុស្សជាតិហាក់ដូចជាចាប់ផ្ដើមយល់ថា ការពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការប្រើប្រាស់កម្លាំង ដូចជាមិនសូវមានប្រសិទ្ធិភាពច្រើនទេ ព្រោះមោទនភាពរបស់ប្រទេសនីមួយៗ នៅក្នុងសហសវត្សរ៍សម័យថ្មីនេះ គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ បន្ថែមពីលើការច្បាំងជាមួយមនុស្សគ្នាឯង មនុស្សបានចាប់ផ្តើមធ្វើចម្បាំងជាមួយនឹងក្រុមផ្សេងវិញ ពោលគឺច្បាំងជាមួយធម្មជាតិនិងច្បាំងជាមួយសត្វដែលមិនមែនជាមនុស្សជាតិវិញ ដើម្បីពង្រីកឥទ្ធិពលដំណាក់កាលថ្មីនេះ។  ធម្មជាតិឬសត្វ ដែលមនុស្សសម័យដើមធ្លាប់គោរពឬចាត់ទុកថាជាសរណវត្ថុ និងទុកថាជាព្រះអាទិទេព ដូចជាព្រះធរណី ព្រះគង្គា ព្រះវាយោ ព្រះអគ្គី ព្រះគោ ព្រះស្វាឬព្រះហនុមាន​ ជាដើម ក៏ត្រូវបានមនុស្សសម័យទំនើបចាត់ទុកថាត្រឹមតែជា«រូបធាតុដើម» ដែលពួកគេអាចយកទៅផលិតឱ្យចេញជា «ផលិតផលពាក់កណ្ដាលសម្រេច» ឬ «ផលិតផលសម្រេច» ក្នុងគោលបំណងជំរុញកំណើនឧស្សាហកម្ម និងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ជាតិខ្លួនប៉ុណ្ណោះ។ ប្រទេសណាដែលអាចបំប្លែងរូបធាតុដើមទាំងនោះបានច្រើននិងលឿនជាងគេ គឺអាចបង្កើនចំណូលថវិកាជាតិបានច្រើន ត្រូវបានគេចាត់ទុកថាជាប្រទេសអ្នកមាន ឬជាមហាអំណាចសម័យថ្មី។ ការពង្រឹងជំនាញផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការបំប្លែងធម្មជាតិ ដើម្បីយកទៅបម្រើផលប្រយោជន៍របស់មនុស្ស ក្នុងគោលបំណងធ្វើឱ្យការរស់នៅរបស់មនុស្សមានភាពងាយស្រួលជាងមុន និងស្រួលជាងប្រទេសដទៃ គឺជាដំណើរអភិវឌ្ឍន៍សំខាន់របស់ប្រទេសនីមួយៗ នាបច្ចុប្បន្ន។

នៅក្នុងឆ្នាំ ១៩៣០ សូចនាករសេដ្ឋកិច្ច ឬរង្វាស់នៃការវាយតម្លៃទៅលើសកម្មភាពសេដ្ឋកិច្ច ដែលហៅថា ផលទុនសារុបផលិតផលក្នុងស្រុក ឬ GDP សម័យទំនើប ត្រូវបានបង្កើតឡើងដោយលោក Simon Kuznets សញ្ជាតិអាមេរិក (Linn, 2015) ដើម្បីវាស់ស្ទង់តម្លៃរូបិយវត្ថុទំនិញ សេវាកម្មដែលកើតចេញពីសកម្មភាពនៃការ ផលិតនៅក្នុងរយៈពេលកំណត់ណាមួយ អាចជាត្រីមាស ឬប្រចាំឆ្នាំ។ ក្នុងរង្វាស់នេះ ការរីកចម្រើន GDP ប្រចាំឆ្នាំ គឺជាដំណឹងល្អ ទោះបីជាកំណើននោះកើតចេញពីការលក់អាវុធ ល្បែងស៊ីសង ការបូមប្រេងកាត ឬការលក់គ្រឿងញៀនក៏ដោយ។ ជាក់ស្ដែង ដូចជាករណីអត្រាកំណើនសេដ្ឋកិច្ច ១០ ពាន់លានផោន ឬ ប្រមាណជាជិត១៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃចក្រភពអង់គ្លេស ដែលកើតចេញពីការជួញដូរគ្រឿងញៀន និងពេស្យាកម្មនៅក្នុងឆ្នាំ ២០១៤ (O’Connor, 2014) ជាដើម។ រីឯការធ្លាក់ចុះ GDP ជាដំណឹងអាក្រក់។ ជាដំណឹងអាក្រក់ដោយសារតែចំណូលពលរដ្ឋធ្លាក់ចុះ ឬនិយាយបែបម្យ៉ាងទៀតថា ប្រទេសនោះមិនទាន់ចេះបំប្លែងធនធានធម្មជាតិដែលខ្លួនមាន ឱ្យទៅជាទំនិញសម្រាប់ជួញដូរនៅលើទីផ្សារបានគ្រប់គ្រាន់នៅឡើយ។ ការធ្លាក់ចុះនៃកំណើន GDP ក្នុងឆ្នាំ២០២០នេះ ដោយសារមេរោគ Covid-19 គឺពិតជាដំណឹងនិងស្ថានភាពដ៏អាក្រក់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

 បន្តិចម្ដងៗ មនុស្សជាតិគិតថាកំណើនផលទុនជាតិសរុប គឺជាសញ្ញាតំណាងឱ្យភាពរីកចម្រើន មោទនភាពជាតិ និងជាប្រភពនៃវិបុលភាពសង្គម ដោយការពឹងផ្អែកលើការរីកចម្រើនសម្ភារៈទំនើបៗ។ ដូច្នេះហើយបានជាពួកគេ ព្យាយាមជំរុញអត្រាកំណើនផលទុនជាតិសរុប តាមរយៈការរីកចម្រើនផ្នែកសម្ភារៈនិយម ការបរិភោគនិងប្រើប្រាស់ឱ្យកាន់តែច្រើននិងខ្ពស់ តាមលទ្ធភាពដែលពួកគេអាចធ្វើបាន​ រួមទាំងការប្រមូលធនធានពីធម្មជាតិ និងប៉ះពាល់ដល់ការបាត់បង់ពូជសត្វគ្រប់ប្រភេទក៏ដោយ។  ចំណែកនាមធម៌ ឬរបស់ដែលមិនអាចមើលឃើញឬចាប់ដោយដៃបាន ដូចជាទស្សនវិទ្យា ការអប់រំ សុខភាពផ្លូវចិត្តតាមបែបសាសនា ការជជែកពិភាក្សាគ្នាប្រកបដោយបញ្ញា ការធ្វើឱ្យមនុស្សនៅជុំវិញខ្លួនសប្បាយចិត្ត ការស្រឡាញ់ធម្មជាតិ ការឱ្យអភ័យទានដល់សត្វ និងការចូលរួមកសាងសង្គមតាមរយៈការធ្វើវិភាគទានគំនិត គឺមិនត្រូវបានគេរាប់បញ្ចូលនៅក្នុងកំណើនសេដ្ឋកិច្ចទេ។ ជាឧទាហរណ៍ ខ្ញុំសរសេរអត្ថបទមួយឱ្យអ្នកអានដោយមិនយកតម្លៃសេវាកម្ម ការធ្វើបែបនេះមិនត្រូវបានគេចាត់ទុកថាជាសកម្មភាពដែលធ្វើឱ្យសេដ្ឋកិច្ចមានកំណើនធំដុំទេ ដោយសារតែវាគ្មានចរន្តចំណូលចំណាយនៅក្នុងប្រព័ន្ធសង្គម។

ខ្ញុំសុំបង្វែរអារម្មណ៍លោកអ្នកបន្តិច ដើម្បីមកសម្លឹងមើលគុណតម្លៃសេដ្ឋកិច្ចបែបពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង។  ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានបង្កើតសង្គមមួយដែលមានមូលដ្ឋាននៅលើគោលការណ៍   «មធ្យម» ឬ «មជ្ឈិមាបដិបទា» ឬ ភាពជាកណ្ដាល រវាងការឱ្យតម្លៃខ្លាំងទៅលើសម្ភារៈនិយម (កាមសុខល្លិកានុយោគ) និងភាពលំបាកនិយម (អត្តកិលមដ្ឋានុយោគ) ដើម្បីលុបបំបាត់សេចក្តីទុក្ខចេញពីជីវិត។ ព្រះអង្គយល់ថា សេចក្តីទុក្ខរបស់មនុស្សគឺមិនអាចត្រូវបានដោះស្រាយដោយការបង្កើនកំណើនទ្រព្យសម្បតិ្តតែម្យ៉ាងនោះទេ ឬបើនិយាយតាមភាសាសេដ្ឋកិច្ចថា ការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ចតែម្យ៉ាង មិនអាចធ្វើឱ្យប្រជាជនមានសេចក្តីសុខពេញលេញឡើយ។ ប្រព័ន្ធសេដ្ឋកិច្ចមួយដែលដំណើរការដោយពឹងផ្អែកលើភាពលោភលន់របស់មនុស្ស គឺប្រាកដណាស់ ភាពលោភលន់នោះមិនអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាគ្រប់គ្រាន់បានឡើយ ដែលការមិនគ្រប់គ្រាន់នេះឯង គឺជាប្រភពនៃបញ្ហាក្នុងវិស័យសេដ្ឋកិច្ច។ ព្រះពុទ្ធអង្គលោកបានសម្ដែងនៅក្នុងគាថាធម្មបទ ត្រង់ពុទ្ធវគ្គថា៖ ទោះបីជាមានប្រាក់កហាបណៈ(ទ្រព្យសម្បត្តិ) ធ្លាក់ចុះមកដូចទឹកភ្លៀងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យចំណង់មនុស្សឆ្អែតស្កប់ស្កល់បានដែរ។ ព្រះអង្គពន្យល់ថា ចំណង់នេះធ្វើឱ្យមនុស្សមានសេចក្តីសុខតិចតួចណាស់ តែធ្វើឱ្យពួកគេមានសេចក្តីទុក្ខច្រើន។

ការលើកឡើងបែបនេះ មិនមានន័យថាព្រះពុទ្ធអង្គទ្រង់ឱ្យតម្លៃភាពក្រីក្រ ឬសរសើរលើទុគ៌តភាពនោះទេ។ ដូចដែលយើងធ្លាប់បានដឹងហើយថា ព្រះពុទ្ធអង្គទទួលស្គាល់ការស្រេកឃ្លានថាជាសេចក្តីទុក្ខរបស់ពិភពលោក។ បទពិសោធន៍៦ឆ្នាំ នៃការធ្វើទុក្ករកិរិយារបស់ព្រះអង្គ គឺល្មមគ្រប់គ្រាន់អាចប្រាប់យើងបានថា មនុស្សមិនអាចធ្វើចិត្តឱ្យសុខស្ងប់បាននោះទេ បើក្រពះរបស់ពួកគេកំពុងតែស្រេកឃ្លាននោះ។ អាហារអាចបំបាត់សេចក្តីទុក្ខគឺការស្រេកឃ្លានមួយរយៈពេលបាន ប៉ុន្តែវាមិនអាចផ្ដល់សេចក្តីសុខទាំងមូលដល់មនុស្សនោះទេ។ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ធ្វើឱ្យប្រជាជនមានសម្ភារៈទំនើបប្រើប្រាស់ច្រើន មានលុយកាក់ចាយវាយច្រើន មានអាហារហូបគ្រប់គ្រាន់ ប៉ុន្តែវាមិនអាចផ្ដល់សុភមង្គលជីវិតដល់ពលរដ្ឋទាំងស្រុងបានឡើយ ប្រសិនបើកំណើននោះវាកើតចេញពីការខ្ចីបុលធនាគារទៅទិញរបស់ទំនើបប្រើប្រាស់ ការបំផ្លាញធនធានធម្មជាតិ ឬកំណើនដែលបានមកពីការប្រើប្រាស់គ្រឿងញៀន។ល។ ជាដើមនោះ។

ព្រះពុទ្ធអង្គបានបង្រៀនមនុស្សឱ្យយល់ដល់កម្រិតមួយថា បើទោះបីជាពួកគេមានត្រឹមតែបាត្រមួយ និងស្បង់ចីវរ ឬខោអាវជាប់នឹងខ្លួនតែមួយឬពីរបន្លាស់ ក៏ពួកគេអាចទទួលបានអារម្មណ៍សុខស្ងប់ ឬគ្រប់គ្រាន់បានដែរ។ ពួកគេមិនចាំបាច់ទៅជីកកកាយរកសេចក្តីសុខស្ងប់ពីក្នុងដី ពីក្នុងទឹក ពីក្នុងខ្យល់ ពីក្នុងភ្នំ ឬក្នុងជីវិតសត្វដទៃនោះទេ។ វិថីជីវិតកណ្ដាលនិយមរបស់ព្រះពុទ្ធអង្គនេះ មិនបានបង្រៀនមនុស្សឱ្យក្រឬខ្ជិលនោះទេ ប៉ុន្តែបង្រៀនមនុស្សឱ្យចេះកំណត់នូវការលោភលន់ខ្លួន ដើម្បីបញ្ចៀសវិនាសកម្មដែលកើតចេញពីការលោភលន់នោះទៅលើសង្គម ធម្មជាតិ ឬសត្វដទៃទៀត។ ដូច្នេះនិយមន័យនៃរីកចម្រើនរបស់ប្រជាជាតិនីមួយៗ មិនគួរត្រូវបានកំណត់ត្រឹមតែការរីកចម្រើនផ្នែករូបធម៌ សម្ភារៈ ផលទុនជាតិសរុប ឬ GDP តែម្យ៉ាងនោះទេ ប៉ុន្តែគួរតែងាកមកចាប់អារម្មណ៍លើនាមធម៌ តម្លៃគំនិត ទស្សនវិទ្យា សាសនា គុណធម៌ និងសុភមង្គលជីវិត ផងដែរ ថាតើក្នុងមួយឆ្នាំៗតម្លៃនៃនាមធម៌នោះ វាធ្លាក់ចុះឬងើបឡើងដល់កម្រិតណា។

ខ្ញុំសូមបញ្ចប់អំណះអំណាងរបស់ព្រះពុទ្ធអង្គ ដែលបានសម្តែងតាំងពីជាងពីរពាន់ឆ្នាំមកហើយនោះ ដោយសុំស្រង់យកនូវសុន្ទរកថាមួយ របស់លោក រូប៊ឺត អែហ្វ ខេនឌី (Robert F Kennedy) ដែលជា អគ្គព្រះរាជអាជ្ញាទី៦៤ នៃសហរដ្ឋអាមេរិក ដែលបានថ្លែងទៅកាន់និស្សិតនៅសាកលវិទ្យាល័យកានសាស៍ (University of Kansas) នាឆ្នាំ ១៩៦៨ ដោយលោកបានរិះគន់ការកំណត់និយមន័យនៃការរីកចម្រើននៃប្រជាជាតិមួយដោយពឹងផ្អែកតែលើកកំណើនសេដ្ឋកិច្ច ជាពិសេសគឺសហរដ្ឋអាមេរិក ថា៖

ពួកយើងមិនគួរវាយតម្លៃសហរដ្ឋអាមេរិកនេះ ដោយផ្អែកតែលើកំណើនផលទុនជាតិសរុបឡើយ ពីព្រោះថាបើយើងធ្វើបែបនេះ យើងត្រូវតែទទួលស្គាល់ថា កំណើនទាំងនោះវាបានមកពីការបំពុលខ្យល់ ការផ្សព្វផ្សាយពាណិជ្ជកម្មបារី….ការបំផ្លាញសម្រស់ធម្មជាតិ…និងការផលិតអាវុធជាដើម។ល។ កំណើននេះ មិនបានរាប់បញ្ចូលភាពរណ្ដំពិរោះនៃព្យាង្គកំណាព្យរបស់យើង…..ភាពរឹងមាំនៃចំណងអាពាហ៍ពិពាហ៍របស់យើង…សុចរិតភាពនៃមន្ដ្រីបម្រើការសាធារណៈរបស់យើង….ឬបញ្ញានិងករុណាធម៌របស់យើងឡើយ។ល។ និយាយ ដោយខ្លីទៅ កំណើន GDP នេះ វារាប់បញ្ចូលអ្វីៗទាំងអស់ លើកលែងតែអ្វីដែលធ្វើឱ្យជីវិតយើងមានតម្លៃប៉ុណ្ណោះ (ដែលវាមិនអាចរាប់បញ្ចូលបាន)។

Robert F. Kennedy’s Remarks at the University of Kansas, March 18, 1968

ខ្ញុំព្រះករុណា-ខ្ញុំសូមប្រគេនពរនិងជូនពរឱ្យឆ្នាំ ២០២១នេះ ជាឆ្នាំដែលយើងអាចវិលទៅរកប្រក្រតីភាពបានវិញ នៃសមតុល្យរវាង នាមធម៌ នឹង រូបធម៌ ដែលជាគុណតម្លៃ វីថីជីវិតកណ្ដាលនិយម វិថីជីវិតសម្មាមគ្គ នៃអង្គព្រះពុទ្ធបរមគ្រូនៃយើង។


តេជានន្ទភិក្ខុ សាន ពិសិទ្ធិ

TalTech-Tallinn University of Technology, Estonia, EU

ថ្ងៃសុក្រ ៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ត្រូវនឹងថ្ងៃទី 0១ ខែ មករា ឆ្នាំ ២០២១

ឯកសារពិគ្រោះ

គាថាធម្មបទ ពុទ្ធវគ្គទី ១៤ បិដកខ្មែរលេខ ៥២

Kennedy , Robert F. “Remarks at the University of Kansas, March 18, 1968.” Remarks at the University of Kansas, March 18, 1968 | JFK Library, JFK Library, www.jfklibrary.org/learn/about-jfk/the-kennedy-family/robert-f-kennedy/robert-f-kennedy-speeches/remarks-at-the-university-of-kansas-march-18-1968

Linn Vaḍḍhaka. The Buddha on Wall Street: What’s Wrong with Capitalism and What We Can Do about It. Windhorse Publications, 2015.

O’Connor, Sarah. “Drugs and Prostitution Add £10bn to UK Economy.” Financial Times, Financial Times, 29 May 2014, www.ft.com/content/65704ba0-e730-11e3-88be-00144feabdc0.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s