ចរណវិទ្យា៖ ការចូលរួមគំនិតអំពីសុភមង្គលបុគ្គលនិងគ្រួសារ

ភវតុ សព្វមង្គលំ មង្គលទាំងពួងចូរមានដល់អ្នក!

ឃ្លាខាងលើនេះ គឺជាឃ្លាដែលយើងតែងតែឮព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យសូត្រជូនពរពុទ្ធបរិស័ទ ឬកូនចៅនៅក្នុងពិធីបុណ្យពុទ្ធសាសនា ក៏ដូចជាតាមពិធីបុណ្យប្រពៃណីជាតិនានានៅក្នុងសង្គមខ្មែរយើងតាំងតែពីបុរាណមក។ ការនិយមយកពាក្យ «មង្គល» មកប្រើដើម្បីជូនពរគ្នាបែបនេះ បានបញ្ជាក់ប្រាប់ថា «មង្គល» គឺជាវត្ថុបំណងដ៏សំខាន់មួយដែលស្ថាប័នពុទ្ធសាសនា និងស្ថាប័នគ្រួសារខ្មែរចង់ឱ្យកើតមានឡើងដល់មនុស្សដែលពួកគេស្រឡាញ់ចូលចិត្ត ហើយក៏ជាគោលដៅរួមដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់ ដោយខានមិនបានដែរ។ ក្រៅពីនេះ ក៏ឃើញមានពាក្យ «វប្បមង្គល», «អាវាហវិវាហមង្គល», «សិរីមង្គល», «សុភមង្គល» ។ល។ ត្រូវបានគេចាត់ទុកថាជាពាក្យដ៏ពេញនិយមក្នុងចំនោមពាក្យពេញនិយមជាច្រើនទៀត ដែលសង្គមខ្មែរតែងយកមកប្រើដើម្បីបង្ហាញពីតម្លៃនៃ «មង្គល» ក្នុងជីវភាពប្រចាំថ្ងៃ។ សូម្បីតែខេត្តមួយដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសកម្ពុជា ក៏បានសម្រេចដាក់ឈ្មោះស្រុករបស់ខ្លួនថា៖ «ស្រុកមង្គលបុរី» ផងដែរ ដើម្បីបញ្ជាក់ថា «មង្គល» គឺជាគោលនយោបាយចម្បង ដែលរដ្ឋបាលស្រុកមួយនេះចង់ឱ្យកើតមានឡើងដល់ប្រជាពលរដ្ឋរបស់ខ្លួន។ អត្ថបទនេះ ជាការសាកល្បងសិក្សាអំពីពាក្យថា «សុភមង្គល» នៅក្នុងកម្រិតជីវិតសួនបុគ្គល និងសុភមង្គលប្រចាំក្រុមគ្រួសារ ដែលជាស្ថាប័នមូលដ្ឋានរបស់សង្គមជាតិ។

បើទោះបីជាមនុស្សជាតិយល់ស្របគ្នាថា «សុភមង្គល» គឺជាគោលដៅរួមយ៉ាងណាក៏ដោយ​ ក៏ពួកគេហាក់ដូចជាយល់មិនស្របគ្នាទាល់តែសោះទៅលើគោលការណ៍ ដែលនាំឱ្យសម្រេចបាននូវ «សុភមង្គល» នៅក្នុងជីវិត។ ការយល់មិនស្របគ្នាបែបនេះហើយ​ បានបង្ករជាបដិវាទកម្មនៅក្នុងសង្គមគ្រួសារ ដែល​បដិវាទកម្មនេះ តែងតែត្រូវបានបញ្ញវន្តខ្មែរយកមករំលេចនៅក្នុងស្នារដៃអក្សរសិល្បិ៍របស់ខ្លួនជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ ១៩៣៨ លោកនូ ហាច បានប្រើចុងប៉ាការបស់លោកតាក់តែងសាច់រឿងផ្កាស្រពោន ក្នុងគោលបំណងបង្ហាញនូវគំនិតបដិសេធរបស់លោកទៅលើទស្សនៈថា សុភមង្គលជីវិតកើតចេញពីមាស ប្រាក់ កែវកង។ នៅដើមស.វ.ទី ២០ ព្រះបុទុមត្ថេរ សោម ដែលជាបញ្ញវន្តដ៏លេចធ្លោមួយរូបនៅក្នុងវណ្ណកម្មអក្សរសិល្បិ៍ខ្មែរ បានប្រើទឹកព្រះហស្ដដ៏បុិនប្រសព្វរបស់ព្រះអង្គតាក់តែងជាកាព្យកំណាព្យរឿងទុំទាវឡើងមក ដើម្បីដាស់តឿនសង្គមគ្រួសារខ្មែរពីអន្តរាយ ដែលអាចកើតមានឡើងបានដោយសារតែការយល់ថាសុភមង្គលជីវិតគឺពឹងអាស្រ័យទាំងស្រុងទៅលើអំណាច បុណ្យស័ក្ដ និងវណ្ណៈសង្គម។ ចំណែកឯលោកញ៉ុក ថែម ដែលជាកវីដ៏មានប្រជាប្រិយ៍មួយរូបនាដើម ស.វ. ទី ២០ ដែរនោះ បានយកវណ្ណកម្មរឿងកូលាបប៉ៃលិនរបស់ខ្លួន មកធ្វើជាបទដ្ឋានដើម្បីបង្ហាញជំនឿយ៉ាងរឹងមាំរបស់លោកថាសុភមង្គលអាចកើតឡើងបានដោយអាស្រ័យលើការដឹង​គុណ ការព្យាយាមតស៊ូប្រឹងប្រែង និងការយល់ចិត្តគ្នា (សូមមេត្តារកអានចំនុចនេះបន្ថែមក្នុងសៀវភៅ «ជីវិតអាពាហ៍ពិពាហ៍» របស់ឥន្ទប្បញ្ញោភិក្ខុ ហេង មណីចិន្តា)

ការខ្វែងគំនិតគ្នាពីគោលការណ៍ដែលនាំឱ្យកើតសុភមង្គលនេះ មិនត្រឹមតែបង្ក​ជាបដិវាទកម្ម នៅក្នុងរង្វង់សង្គមគ្រួសារខ្មែរតែម្យ៉ាងនោះទេ ប៉ុន្តែវាក៏ជាបញ្ហាប្រឈមនៃគោលនយោបាយសេដ្ឋកិច្ចពិភពលោកផងដែរ។ ជាក់ស្ដែង នៅពេលដែលក្រុមប្រទេសសង្គមនិយម ជាពិសេសគឺសហភាពសូវៀត ត្រូវបានដួលរលំនៅក្នុងឆ្នាំ ១៩៩១ មក ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ត្រូវបានគេយកទៅអនុវត្តស្ទើគ្រប់កន្លែងទាំងអស់នៅលើពិភពលោក ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសខ្លួន។

រដ្ឋាភិបាលប្រទេសនីមួយៗយល់ថាសុភមង្គល អាចនឹងកើតមានដល់ពលរដ្ឋរបស់ខ្លួន នៅពេលដែលតម្រូវការផ្នែកសម្ភារៈត្រូវបានបំពេញ តាមរយៈកំណើនប្រចាំឆ្នាំនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ កំណើនប្រចាំឆ្នាំនៃ ផ.ស.ស. ត្រូវបានគេសម្គាល់ថាជាសូចនាករសេដ្ឋកិច្ច ក្នុងការវាស់វែងពីការអភិវឌ្ឍ និងភាពចម្រុងចម្រើននៃប្រជាជាតិនីមួយៗ។ ប្រទេសដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ត្រូវបានគេចាត់ទុកថាជាប្រទេសសម្បូរសប្បាយជាងគេ។ ចំណែកឯសង្គមដែលមានកំណើនទាប ត្រូវបានចាត់ទុកថាជាសង្គមកំពុងអភិវឌ្ឍ ឬសង្គមតតិយលោក ដែលជាក្រុមមិនសូវសម្បូរសប្បាយដូចគេដូចឯងទេ។

ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ គឺអាស្រ័យទាំងស្រុងទៅលើតម្រូវការ និងការផ្គត់ផ្គង់ ក្នុងការបង្កើនកំណើនរបស់ខ្លួន។ ដើម្បីបង្កើនកំណើនបាន ប្រព័ន្ធសេដ្ឋកិច្ចមួយនេះ បានឱ្យតម្លៃខ្ពស់ទៅលើវប្បធម៌បរិភោគនិយម (Consumerism) ដោយចាត់ទុកថាមានតែការនិយមក្នុងការបរិភោគតែម្យ៉ាងទេគឺជាប្រភពនៃសុភមង្គលនៅក្នុងជីវិតមនុស្ស។ ដូចនេះហើយបានជាពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការរបស់មនុស្សកាន់តែច្រើនទៅៗ រហូតដល់តម្រូវការខ្លះ បានធ្វើឱ្យភាគីផ្គត់ផ្គង់ខ្វះលទ្ធភាព ក្នុងការផ្ដល់ឱ្យផង ក៏ឃើញមាន (Growth obsession)។ តម្រូវការគ្មានដែនកំណត់នេះហើយ ដែលជាប្រភពបញ្ហានៃសេដ្ឋកិច្ចនោះ។ ចំនុចនេះស្របនឹងពុទ្ធដិកាមួយកន្លែង ដែលព្រះពុទ្ធអង្គបានសម្ដែងថា៖ «ទោះបីជាមានកហាបណៈ (ទ្រព្យសម្បត្តិ) ធ្លាក់ចុះដូចទឹកភ្លៀងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យចំណង់មនុស្សឆ្អែតស្កប់ស្កល់បានដែរ។ ចំណង់នេះ ធ្វើឱ្យមនុស្សមានសេចក្តីសុខតិចតួចណាស់ តែធ្វើឱ្យពួកគេមានសេចក្តីទុក្ខច្រើន»។ ការឱ្យតម្លៃសុភមង្គលជីវិតត្រឹមតែជាតម្រូវការនៃបរិភោគនិយមបែបនេះ បានកើតឡើងតាំងតែពីសម័យព្រះពុទ្ធមានព្រះជន្មាយុមកម្លេះ ដោយមានការខ្វែងគំនិតគ្នារវាងមនុស្សបីក្រុមគឺ៖ ក) ក្រុមអាចារ្យទិដ្ឋៈ យល់ថា មង្គលកើតចេញពីភ្នែកឃើញរូបល្អ (ក្រុមរូបភាពនិយម), ខ) ក្រុមអាចារ្យសុតៈ យល់ថា មង្គលកើតចេញពីការបានស្ដាប់សម្លេងល្អ (ក្រុមសម្លេងនិយម), ឯ គ)ក្រុមអាចារ្យមុតៈ យល់ថា មង្គលកើតចេញពីអណ្ដាតលិទ្ធភ្លក្សត្រូវលើម្ហូបចំណីឆ្ងាញ់ (ក្រុមចំណីនិយម)។

វាជារឿងមួយដែលមិនអាចប្រកែកបានទេ ដែលថាកំណើនសេដ្ឋកិច្ចរបស់ជាតិនីមួយៗ អាចកើនឡើងបានដោយអាស្រ័យវប្បធម៌បរិភោគនិយមមួយនេះ ព្រោះថាការនិយមបរិភោគច្រើន ជាកម្លាំងជំរុញឱ្យការផ្គត់ផ្គង់និងតម្រូវការកើនឡើងខ្ពស់ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចតាមបែបប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ទោះជាយ៉ាងនេះក្តី បញ្ហានៅត្រង់ថា តើកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ អាចធ្វើឱ្យសុភមង្គលជីវិតពលរដ្ឋនៃប្រទេសនោះកើនឡើងបាន ៧% ដែរឬទេ? មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាប្រទេសដែលពលរដ្ឋទទួលបានសុភមង្គលជីវិតច្រើនជាងគេ គឺមិនមែនជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនោះទេ។ នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់សិស្សនៅសាកលវិទ្យាល័យកានសាស៍នាឆ្នាំ ១៩៦៨ លោក រូប៊ឺត អែហ្វ ខេនឌី ដែលជាអគ្គព្រះរាជអាជ្ញាទី ៦៤ នៃសហរដ្ឋអាមេរិក បានរិះគន់ការកំណត់ការរីកចម្រើននៃប្រជាជាតិមួយដោយពឹងផ្អែកលើកកំណើនសេដ្ឋកិច្ចថា៖

យើងមិនគួរវាយតម្លៃសហរដ្ឋអាមេរិកដោយផ្អែកលើកំណើនផលទុនជាតិសរុបឡើយ ពីព្រោះថាបើយើងធ្វើបែបនេះ យើងត្រូវតែទទួលស្គាល់ថា កំណើនទាំងនោះវាបានមកពីការបំពុលខ្យល់ ការផ្សព្វផ្សាយពាណិជ្ជកម្មបារី ការបំផ្លាញសម្រស់ធម្មជាតិ…និងការផលិតអាវុធ ។ល។ កំណើននេះមិនបានរាប់បញ្ចូលភាពរណ្ដំនៃព្យាង្គកំណាព្យដ៏ពីរោះរបស់យើង…ភាពរឹងមាំនៃចំណងអាពាហ៍ពិពាហ៍របស់យើង…សុចរិតភាពនៃមន្ដ្រីបម្រើការសាធារណៈរបស់យើង…ឬក៏បញ្ញានិងករុណាធម៌របស់យើងឡើយ ។ល។ និយាយដោយខ្លីទៅ (កំណើននេះ) វារាប់បញ្ចូលអ្វីៗទាំងអស់ លើកលែងតែអ្វីដែលធ្វើឱ្យជីវិតយើងមានតម្លៃប៉ុណ្ណោះ (ដែលវាមិនអាចរាប់បញ្ចូលបាន)។

Robert F. Kennedy’s Remarks at the University of Kansas, March 18, 1968

ពាក្យថា «ជីវិត» តាមន័យព្រះពុទ្ធសាសនាគឺជាការរួមផ្ដុំគ្នាដោយចំណែកសំខាន់ៗពីរយ៉ាងគឺ៖ «រូបធម៌» និង «នាមធម៌»។ រូបធម៌ សំដៅដល់របស់ដែលយើងអាចប៉ះពាល់និងមើលឃើញបាន ចំណែកនាមធម៌សំដៅដល់ផ្នែកនៃជីវិតដែលយើងមិនអាចប៉ះ ឬមិនអាចមើលឃើញបាន។ ព្រះពុទ្ធមិនបានសង្កត់ធ្ងន់ថាសុភមង្គលជីវិតអាស្រ័យតែលើការរីកចម្រើនផ្នែករូបធម៌តែម្យ៉ាង ឬក៏ផ្នែកនាមធម៌តែម្យ៉ាងនោះទេ ប៉ុន្តែត្រូវមានអង្គហេតុប្រកបជាច្រើនទៀតដែលត្រូវអាស្រ័យគ្នា ទើបអាចកើតឡើងបាន (អរិយសច្ចធម៌ និង បដិច្ចសមុប្បាទធម៌)។ ជាង ២៥០០ ឆ្នាំមុន ព្រះពុទ្ធបានពន្យល់ហេតុទាំង ៣៨ ប្រការដែលនាំឱ្យសម្រេចបាននូវមង្គលជីវិត នៅក្នុងព្រះសូត្រមួយឈ្មោះថា «មង្គលសូត្រ» ដើម្បីជាប្រទីបបំភ្លឺដល់ការយល់របស់មនុស្សជាតិ។ បន្ទាប់មកនៅដើមស.វ.ទី ១៦ មានបញ្ញវន្តសង្ឃជាតិថៃមួយអង្គព្រះនាម សិរិមង្គលាចារ្យ បានយកមង្គល ៣៨ ប្រការនោះមកសរសេរពន្យល់ជាភាសាបាលីយ៉ាងលំអិតបន្ថែមទៀតក្នុងគម្ពីរមួយឈ្មោះថា៖ «មង្គលត្ថទីបនី» ដែលជាគម្ពីរពុទ្ធសាសនាដ៏មានសារៈសំខាន់មួយនៅក្នុងវិស័យពុទ្ធិកសិក្សាតាមបណ្ដាប្រទេសដែលគោរពពុទ្ធសាសនាថេរវាទ។ មង្គលទាំង ៣៨ ប្រការនេះបែងចែកទៅជា ១០ ជំពូកសំខាន់ៗ ដោយចាប់ផ្ដើមពីការធ្វើសង្គមូបណីយកម្មខ្លួនទៅក្នុងសមាគមសប្បុរស និងបញ្ចប់ដោយការអភិវឌ្ឍចិត្តគំនិតបុគ្គលឱ្យមានភាពក្សេមក្សាន្ត។ មង្គលទាំង ៣៨ ប្រការនេះ បានផ្ដោតទៅលើចំនុចបីសំខាន់ៗគឺ៖

  1. ការអភិវឌ្ឍខ្លួនមនុស្សម្នាក់ឱ្យក្លាយទៅជាបុគ្គលមានសមត្ថភាពល្អ សុខភាពល្អ និងគុណធម៌ល្អ ដែលខ្ញុំព្រះករុណាអាត្មាភាពយល់ថាចំនុចនេះ ស្របទៅនឹងចរណវិទ្យា (Caranology) ជាមុខវិជ្ជាមួយដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងក្រុមហ៊ុនផ្កាឈូករៀបចំឡើងក្នុងគោលបំណងបណ្ដុះពុទ្ធិជំនាញទន់បែបខ្មែរដល់សិស្សនិស្សិត ដែលមុខវិជ្ជាមួយនេះបាននិងកំពុងដាក់ឱ្យដំណើរការបង្ហាត់បង្រៀនដំណាក់កាលដំបូង។
  2. កាលបើបុគ្គលនោះបរិបូរណ៍ដោយចរណសម្បត្តិហើយ ពួកគេត្រូវតែយកចរណសម្បត្តិនោះទៅចូលរួមជួយអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិដែលខ្លួនកំពុងតែរស់នៅបន្តទៀត។
  3. ការអភិវឌ្ឍសមត្ថភាពផ្នែកផ្លូវចិត្ត។ ការអភិវឌ្ឍសមត្ថភាពបុគ្គល ការចូលរួមជួយសង្គមគ្រួសារ/សង្គមជាតិ និងការអភិវឌ្ឍសមត្ថភាពផ្លូវចិត្ត គឺជាគន្លឹះ ឬជាគោលការណ៍ដែលដឹកនាំជីវិតបុគ្គលម្នាក់ៗ ឆ្ពោះទៅរកពាក្យថាសុភមង្គលបាន។

ដូចនេះសុភមង្គលជីវិតតាមបែបពុទ្ធសាសនា គឺជាការអភិវឌ្ឍវិថីជីវិតមួយដែលមានតុល្យភាពរវាង «នាមធម៌» និង «រូបធម៌»។ ជាវិថីជីវិតមួយ ដែលមិនផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍមនោគមន៍វិទ្យារហូតភ្លេចគិតរឿងតម្រូវការក្រពះនោះក៏ទេ (អត្តកិលមដ្ឋានុយោគ) ហើយក៏មិនមែនផ្ដោតសំខាន់តែការបង្កើនតែផ្នែកបរិភោគនិយម (កាមសុខលិ្លកនុយោគ) រហូតដល់គ្មានពេលមើលថែសុខភាពផ្លូវចិត្តនោះក៏ទេដែរ។ វិថីសុភមង្គលជីវិតនៅក្នុងសង្គមពុទ្ធសាសនា អាចសំដៅដល់ការរីកចម្រើនផ្នែកចំណេះដឹង (វិជ្ជាសម្បត្តិ) ការប្រព្រឹត្យតាមក្រឹត្យក្រម (ចរណសម្បត្តិ) របស់បុគ្គលម្នាក់ៗ ក្នុងការចូលរួមអភិវឌ្ឍជីវិតខ្លួន គ្រួសារខ្លួន សង្គមជាតិខ្លួន និងមនុស្សជាតិ ទាំងផ្នែកផ្លូវកាយ ផ្លូវគំនិត និងផ្លូវបញ្ញា។

សាន ពិសិទ្ធិ
ក្រុងតាលីន, ថ្ងៃព្រហសត្បិ៍ ១ ​កើត ខែ បឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ​ 
ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s