
ទឹកភ្លៀងបានថមថយកម្លាំងបន្តិចម្ដងៗ ឯរុក្ខជាតិនានាក៏ចាប់ផ្ដើមប្រែពណ៌ពីខៀវខ្ចីបៃតង ទៅជាលឿនទុំក្រហមឆ្អិនឆ្អៅ ហើយក៏ចាប់ផ្ដើមរុះរោយលាចាកមែកតាមដំណើរនៃវដ្ដៈធម្មជាតិ ដើម្បីទទួលស្វាគមន៍រដូវរំហើយ ដែលនឹងមកដល់នាពេលដ៏ឆាប់ខាងមុខនេះ។ មិនខុសពីស្លឹករុក្ខជាតិប៉ុន្មានទេ បន្ទាប់ពីស្នាក់នៅក្នុងអារាមជាមួយគ្នាអស់រយៈពេល ៣ ខែរួចមក ព្រះសង្ឃដែលគង់នៅតាមអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជានោះ ក៏នឹងត្រៀមខ្លួនត្រាច់ចរធ្វើដំណើរទៅកាន់ទិសដៅផ្សេងៗ ដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យស្របទៅនឹងពុទ្ធបណ្ដាំថា៖ «ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុក និងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់ជនជាច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ»។
ការរស់នៅជាមួយគ្នារយៈពេល ៣ ខែ ឬ ៨៩ ថ្ងៃនៃរដូវភ្លៀងធ្លាក់នេះ មិនដឹងថាសមាជិក សហគមន៍សង្ឃមួយអង្គៗ បានបញ្ចេញសកម្មភាពផ្លូវកាយនិងផ្លូវវាចាតាមរូបភាពណាខ្លះ ដល់សហធម្មិករបស់ខ្លួននោះទេ។ បើមួយថ្ងៃនិយាយជាមួយគ្នាត្រឹមតែ ១០ ពាក្យនោះ, ក្នុងចំនួន ៨៩ថ្ងៃ នៃការរស់នៅជាមួយគ្នានោះ ក៏អាចចាត់ទុកថាបានប្រើប្រាស់វចីកម្មដើម្បីប្រាស្រ័យជាមួយគ្នាអស់ ៨៩០ ពាក្យ រួចទៅហើយ។ នៅមានការប្រើប្រាស់កាយវិការដើម្បីទំនាក់ទំនងគ្នាជាច្រើនរូបភាពទៀត ដែលមិនអាចគណនានៅក្នុងទីនេះបាន។ នៅក្នុងចំណោម ៨៩០ពាក្យនោះ មានពាក្យសរសើរគ្នាខ្លះ មានពាក្យបន្ទោសបង្អាប់គ្នាខ្លះ មានពាក្យកំប្លែងដាក់គ្នាខ្លះ មានពាក្យពិរោះពិសាខ្លះ មានពាក្យមិនសូវពិរោះខ្លះ មានពាក្យដែលផ្ទុយនឹងពុទ្ធដិកាខ្លះ និងមានពាក្យជាពុទ្ធដិកាខ្លះ ។ល។ ដែលធ្វើឱ្យអ្នកស្ដាប់ទទួលបានអារម្មណ៍ពេញចិត្ត ថ្នាំងថ្នាក់ ឬអារម្មណ៍ធម្មតា ក្នុងឋានៈជាបុថុជ្ជនដែលជានិច្ចកាល តែងតែមានចិត្តប្រែប្រួលទៅតាមរលកនៃពាក្យដែលព្រះពុទ្ធអង្គទ្រង់ហៅថាជា «លោកធម៌» នោះ។
នៅក្នុងសង្គមពុទ្ធសាសនា មិនមានការលើកទឹកចិត្តឱ្យមនុស្សបង្កើតកំហុសនោះទេ ប៉ុន្តែបើបានធ្វើខុសហើយ ក៏ត្រូវព្រមទទួលស្គាល់ថាបានធ្វើខុសមែន ហើយដាក់ចុះនូវអំនួតមានៈ ព្រមសុំឱកាសដើម្បីកែខ្លួនសាជាថ្មី ដែលភាសានៅក្នុងសង្គមសង្ឃហៅថា «ការសម្ដែងអាបត្តិ» ឬភាសាបច្ចុប្បន្នហៅថា «ការធ្វើស្វ័យតិះតៀន» ជាដើម។ ការសម្ដែងអាបត្តិ ឬការធ្វើស្វ័យតិះតៀននេះ ជារឿងដែលយើងធ្លាប់ឮ ឬធ្លាប់ឃើញជារឿយៗ នៅក្នុងជីវភាពប្រចាំថ្ងៃ។ ចំណែកឯការបើកឱកាសឱ្យអ្នកដទៃប្រាប់នូវទោសកំហុសដែលខ្លួនបានប្រព្រឹត្តជាសាធារណៈនោះ ពុំសូវឃើញមានប៉ុន្មានទេ ក្រៅតែពីសង្គមសង្ឃក្នុងពុទ្ធសាសនា។
ដើម្បីរស់នៅជាមួយគ្នាដោយសុខដុម នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គបានកំណត់យកទិវាមួយឈ្មោះថា «បវារណាកម្ម» ដើម្បីកំណត់ឱ្យព្រះភិក្ខុសង្ឃដែលចាំព្រះវស្សារស់នៅជាមួយគ្នាអស់រយៈពេល ៣ ខែមកនេះ ធ្វើការប្រដៅណែនាំគ្នា ទៅវិញទៅមក ទៅតាមអ្វីដែលខ្លួនបានឃើញ ឬដោយរង្គៀសសង្ស័យថាភិក្ខុនេះ ឬអង្គនោះបានប្រព្រឹត្តនូវរឿងមិនគប្បី។ នៅក្នុងព្រះវិន័យបិដកត្រង់វគ្គ «បវារណាខន្ធកៈ» ព្រះពុទ្ធអង្គទ្រង់សម្ដែងថា៖ «ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយ បវារណាដោយស្ថាន ៣ យ៉ាងគឺ ដោយឃើញក្ដី ដោយឮក្ដី ដោយរង្កៀសក្ដី។ បវារណានោះ ជាការអនុលោម ដើម្បីពោលប្រដៅនូវគ្នានឹងគ្នា ជាការចេញចាកអាបត្តិ (ទោសកំហុស) ជាការធ្វើវិន័យឱ្យជាប្រធាន និងប្រាកដដល់អ្នកទាំងឡាយ»។
ការដាក់ខ្លួនឱ្យភិក្ខុផងគ្នាពោលប្រដៅបែបនេះ គឺត្រូវចាប់ផ្ដើមពីភិក្ខុដែលមានវស្សាច្រើនជាងគេ ដោយការធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាងអង្គុយច្រហោងផ្គង់អញ្ជលីឡើងហើយនិយាយយ៉ាងនេះនឹងសង្ឃថា៖ «នែអាវុសោ (លោកប្អូន) ខ្ញុំសូមបវារណានឹងសង្ឃ ដោយឃើញក្ដី ឮក្ដី រង្កៀសក្ដី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញនឹងធ្វើតាម (ពោលបែបនេះបីដង)»។
ព្រះពុទ្ធអង្គផ្ទាល់ ក្នុងនាមជាថ្នាក់ដឹកនាំ ក៏ទ្រង់បន្ទន់បន្ទាបព្រះកាយទ្រង់ឱ្យភិក្ខុក្រោមឱវាទពោលប្រាប់នូវទោសកំហុសទ្រង់ដែរ។ នៅក្នុងព្រះសូត្រមួយឈ្មោះថា «បវារណាសូត្រ» ព្រះ អង្គមានពុទ្ធដិកាទៅកាន់ភិក្ខុសង្ឃចំនួន ៥០០ អង្គថា៖ «ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតបវារណាដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មិនតិះដៀលនូវកម្មតិចតួច ដែលប្រព្រឹតទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់តថាគតទេឬ» (?)។ នៅក្នុងព្រះធម្មទេសនាមួយកន្លែង ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បានមានថេរដីកាថា៖ «សម្រាប់សាសនាដទៃ ក្រៅពីព្រះពុទ្ធសាសនានេះ…មិនដែលមានមេសាសនាណាបន្ទន់បន្ទាបខ្លួន ឱ្យពួកសាវក ឬបរិស័ទរបស់ខ្លួន ជួយកែកំហុស…មើលដូចជាអត់មានទេនៅលើភិពលោកនេះ មានតែព្រះសម្មាសម្ពុទ្ធយើងមួយអង្គប៉ុណ្ណឹងឯង ដែលបន្ទន់បន្ទាបកាយឱ្យសង្ឃជួយកែសម្រួល បើសង្ឃបានឃើញអ្វីដែលព្រះអង្គបានប្រព្រឹតទៅវាឆ្គាំឆ្គង»។
ក្នុងសម័យសង្គមរាស្រ្ដនិយម ដែលមានគោលនយោបាយបែបសង្គមនិយមព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទរោត្តម សីហនុ នោះ ទ្រង់ក៏បានបង្កើតឱ្យមានវេទិកាសមាជថ្នាក់ជាតិមួយដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយទាំងអស់ បានជួបជាមួយប្រមុខរដ្ឋ ហើយប្រាប់ពីតម្រូវការ និងចំណុចអសកម្មណាមួយនៃអភិបាលកិច្ចគ្រប់គ្រងរដ្ឋរបស់ទ្រង់ដោយផ្ទាល់ដែរ។ ចំណុចនេះបានបង្ហាញពីការគិតគូរដល់សេចចក្តីសុខរបស់រាស្រ្ដជាចម្បង និងភាពក្លាហានរបស់ទ្រង់នៅក្នុងការព្រមទទួលស្ដាប់មតិប្រជាពលរដ្ឋ ដើម្បីយកទៅកែលម្អប្រព័ន្ធអភិបាលកិច្ចរបស់ទ្រង់។ទំនៀមទម្លាប់នៃការព្រមបន្ទន់ខ្លួនឱ្យអ្នកដទៃពោលប្រដៅនេះ ក៏ឃើញមាននៅក្នុងប្រព័ន្ធដឹកនាំរបស់ពួកខ្មែរក្រហមដែរ។ នៅក្នុងអត្ថបទខ្លីមួយពាក់ព័ន្ធនឹងបញ្ហានេះ លោកធម្មបណ្ឌិតហេង មណីចិន្តា បានសរសេរថា៖ «ខ្មែរក្រហមបានយកវិធីនេះទៅអនុវត្តដើម្បីកែលំអការប្រព្រឹតរបស់សមាជិកសហករណ៍របស់ខ្លួន ដោយម្នាក់ៗត្រូវនិយាយថា៖ កំហុសរបស់ខ្ញុំ ដូចជាភក់ប្រឡាក់ខ្នង ខ្ញុំមិនអាចមើលឃើញបានទេ សូមសមមិត្តជួយដុសសំអាតឱ្យខ្ញុំផង ហើយខ្ញុំសុំដាក់ខ្លួនឱ្យទាបរាបដូចកន្ទេល»។
នៅក្នុងសង្គមពុទ្ធសាសនា បវារណាកម្ម គឺជាវិធីដុសខាត់ធនធានព្រះសង្ឃ ឱ្យកាន់តែមានគុណភាពប្រសើរជាងមុន ប៉ុន្តែកម្មវិធីមួយនេះហាក់ដូចពុំសូវទទួលបានការពេញនិយមខ្លាំងដូចពិធីបុណ្យផ្សេងៗ នៅក្នុងសង្គមព្រះពុទ្ធសាសនាឡើយ។ មានវត្តអារាម និងព្រះចៅអាវាសមិនច្រើនទេដែលហ៊ានបន្ទាបខ្លួនបន្ទន់កាយឱ្យសិស្សគណ ប្រាប់ពីទោសកំហុសរបស់ខ្លួន ជាភាសាខ្មែរ។ ចំណែកឯសិស្សគណវិញ ក៏ពុំសូវហ៊ានប្រាប់ទោសកំហុសរបស់ព្រះចៅអាវាសរបស់ខ្លួនប៉ុន្មានដែរ ព្រោះខ្លាចបុណ្យបារមី។ បើទោះបីជាមានធ្វើមែន ក៏ច្រើនតែធ្វើឡើងជាភាសាបាលី ដើម្បីបង្រ្គប់កិច្ចសម្រាប់ថ្ងៃចេញព្រះវស្សាតែប៉ុណ្ណោះ។ ថ្ងៃបវារណាកម្មនេះ អាចរាប់បានថាជាថ្ងៃមួយដែលសង្គមសង្ឃប្រារព្ធឡើងដើម្បីក្រើនរំឮកដល់សមាជិកខ្លួន ក៏ដូចជាជនានុជនគ្រប់រូបថា កំហុសតែងតែកើតមានដល់បុគ្គលគ្រប់ស្រទាប់វណ្ណៈទាំងអស់ មិនថាបុគ្គលនោះមានបុណ្យសក្ដិតូចតាច ឬមានបុណ្យសក្ដិធំមហិមាប៉ុណ្ណានោះទេ។ បើកំហុសនោះមាននៅលើខ្លួនអ្នកនៅក្រោមការដឹកនាំរបស់គេ វិនាសកម្មដែលកើតចេញពីកំហុសនោះក៏ពុំមានទំហំធ្ងន់ធ្ងរប៉ុន្មានដែរ ប៉ុន្តែបើកំហុសនោះមាននៅលើខ្លួនអ្នកដែលត្រូវកាន់ចង្កូតដឹកគេវិញ អន្តរាយដែលកើតចេញពីកំហុសនោះ ក៏មានឥទ្ធិពលតាមទំហំនៃទំនួលខុសត្រូវដែលខ្លួនមានចំពោះអ្នកនៅថ្នាក់ក្រោមដែរ។ ម្យ៉ាងទៀតថ្ងៃបវារណាកម្មនេះ ក៏អាចចាត់ទុកថាជាទិវាលើកទឹកចិត្តមនុស្សឱ្យប្រើប្រាស់ភាពក្លាហានរបស់ខ្លួនដើម្បីនិយាយពាក្យពិត ក្នុងការកែសម្រួលសង្គមរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរឡើងដែរ។
ស្ថាប័ន អង្គការ ឬក្រុមហ៊ុននានាខ្លះក្នុងសម័យបច្ចុប្បន្ននេះ បានប្រើប្រាស់ពាក្យ «Feedback» ដើម្បីកែលម្អនិងអភិវឌ្ឍស្ថាប័នខ្លួនស្ទើរតែគ្រប់កន្លែងហើយ។ ដូចនេះពុំគួរណាស្ថាប័នព្រះពុទ្ធសាសនាព្រងើយកន្តើយនឹងកេរ្តិ៍ដំណែល «បវារណាកម្ម» ដែលមានវ័យជាង ២៦០០ ឆ្នាំរបស់ខ្លួនចោលឡើយ។ លើសពីនេះទៀត វប្បធម៌បន្ទាបខ្លួនឱ្យគេស្ដីប្រដៅនេះ មិនគួរអនុវត្តឱ្យមានត្រឹមតែនៅក្នុងបរិបទសង្គមសង្ឃតែម្យ៉ាងនោះទេ ប៉ុន្តែក៏គួរពង្រីកឱ្យដល់សង្គមខាងក្រៅផងដែរ ដោយចាប់ពីសង្គមគ្រួសារ រហូតការដឹកនាំរដ្ឋ ដែលព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្តម សីហនុ បានអនុវត្ត ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាស្រ្ដប្រជា។ សូមអនុមោទនា!
តេជានន្ទភិក្ខុ សាន ពិសិទ្ធិ
ក្រុងតាលីន ប្រទេសអ៊ីស្តូនី សហភាពអឺរ៉ុប
ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១