ការប្រាស្រ័យទាក់ទងគ្នារវាងវត្តអារាមនិងយុវជន

«ហេតុអ្វីបានជាអ្នកឯងមិនប្រាប់ដល់ពួកគេវិញថា អ្នកមានសាសនាមួយដែលល្អជាងពួកគេហើយ»?

នៅថ្ងៃអាទិត្យទី ៨ ធ្នូ ២០១៩ លោកសាស្រ្ដាចារ្យ Wolfgang Drechsler ដែលជាអ្នកដឹកនាំការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ បាននាំខ្ញុំទៅទស្សនាទីប្រជុំជននៃទីក្រុងតាលីន (Tallinn) រដ្ឋធានីប្រទេសអ៊ីស្ដូនី (Estonia) ដើម្បីពន្យល់ខ្ញុំពីដំណើរដើមទងនៃការបង្កើតក្រុងនេះឡើង។ ខណៈពេលដែលខ្ញុំកំពុងអង្គុយចាំគាត់នៅកន្លែងដែលបានណាត់គ្នាទុកនោះ មានអ្នកផ្សព្វផ្សាយសាសនាពីរនាក់ បានដើរសំដៅមករកខ្ញុំ ហើយបានសួរខ្ញុំថា៖ «តើពួកគេអាចសុំពេលខ្ញុំត្រឹម ៥ នាទីបានទេ»? ដើម្បីភាពគួរសម ខ្ញុំក៏ព្រមតាមសំណើររបស់ពួកគេ។ ពួកគេបានពន្យល់ខ្ញុំពីក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកទាំងអស់ក្នុងភពផែនដីនេះ រួមបញ្ចូលទាំងរូបខ្ញុំផងដែរ ដែលទទួលបានក្ដីស្រឡាញ់ពីព្រះជាម្ចាស់។

ខ្ញុំបានស្ដាប់ការពន្យល់របស់ពួកគេដោយមិនបានធ្វើការបដិសេធអ្វីទាំងអស់។ រយៈពេល ៥ នាទី បានឈានដល់ទីបញ្ចប់ ពួកគេក៏បានឈប់និយាយតាមការសន្យា ហើយបានបបួលខ្ញុំឱ្យធ្វើការបួងសួងព្រះជាម្ចាស់ជាមួយពួកគេ តែម្ដងនេះខ្ញុំបានបដិសេធ ដោយសំអាងលើហេតុផលផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែពួកគេមិនបានថាអ្វីនោះទេក្រៅពីនិយាយថាអរគុណ ហើយក៏បាននាំគ្នាដើរចេញទៅ។ នៅពេលដែលសាស្រ្ដាចារ្យ Wolfgang បានមកដល់ ខ្ញុំក៏បាននិយាយអំពីអ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នោះប្រាប់ដល់គាត់ គាត់ក៏ឆ្លើយតបជាមួយខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកឯងមិនប្រាប់ដល់ពួកគេវិញថា អ្នកមានសាសនាមួយដែលល្អជាងពួកគេហើយ»?ពួកយើងសើចទាំងអស់គ្នា។

ពាក្យសរសើរថា៖«អ្នកឯងមានសាសនាមួយដែលល្អជាងពួកគេហើយ» នេះ បានធ្វើឱ្យខ្ញុំសប្បាយចិត្តជាខ្លំាង រហូតដល់មានមោទនភាពលើខ្លួនឯងជ្រុលហួសហេតុ។ ខ្ញុំគិតថា ការមានមោទនភាពលើខ្លួនឯងជ្រុលហួសហេតុនេះហើយ ជាមូលហេតុធ្វើអោយយើងម្នាក់ៗច្រើនតែភ្លេចខ្លួន រហូតឈានដល់ការប្រមាទ ធ្វេសប្រហែស លែងខ្វល់ពីហានិភ័យផ្សេងៗដែលអាចនឹងកើតមានឡើងដល់ខ្លួនយើងបាន។ ដូចជាក្នុងករណីនេះជាដើម គេបានដាក់ខ្លួនមកសុំខ្ញុំផ្សព្វផ្សាយពីសាសនារបស់គេ ប៉ុន្តែខ្ញុំអាងថាខ្ញុំមានសាសនាមួយដែលល្អសម្រាប់ខ្លួនឯងហើយ ខ្ញុំមិនចាំបាច់ដាក់ខ្លួនទៅសុំគេដើម្បីពន្យល់ពីសាសនារបស់ខ្ញុំដល់គេវិញទេ (អាចថាមកពីវប្បធម៌នៃការផ្សាព្វផ្សាយរបស់ពួកយើងមិនដូចគ្នាក៏អាចថាបាន)។

ខ្ញុំគិតថាការមានមោទនភាពលើខ្លួនឯងច្រើនពេកនេះ មិនមែនកើតឡើងចំពោះតែរូបខ្ញុំម្នាក់ឯងនោះទេ ប៉ុន្តែក៏ប្រហែលជាអាចកើតមានឡើងចំពោះព្រះសង្ឃមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងដែរ (គ្រាន់តែប្រហែល)។ ដោយសារតែប្រទេសយើងជាប្រទេសគោរពព្រះពុទ្ធសាសនាតាំងពីស.វ.ទី ៥ មក និងមានភាគរយនៃអ្នកកាន់ព្រះពុទ្ធសាសនាច្រើនជាងគេរហូតដល់ទៅ ៩៥% ទើបធ្វើឱ្យពួកយើងគិតថា៖ យើងមានគ្នាច្រើនហើយ មិនចាំបាច់ទៅសុំនរណាគេទេសនាពន្យល់អ្វីទៀតទេ គេចង់មកក៏មក បើគេមិនចង់មកតាមតែចិត្តគេទៅ។ ប្រហែលដោយសារកត្តានេះហើយ បានជាវត្តអារាមជាច្រើន តែងតែចាក់សោរបិទរបង បិទទ្វារព្រះវិហារ និងបិទទីសក្ការៈផ្សេងៗនៅក្នុងវត្តអារាម ហាមមិនឱ្យមានមនុស្សចេញចូល ដោយលើកហេតុផលថាដើម្បីការពារសុវត្ថិភាពសម្ភាៈនៅក្នុងវត្តអារាម និងដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃ។ ការលើកឡើងពីការខ្លាចបាត់បង់ទ្រព្យសម្បត្តិនៅក្នុងវត្តអារាមក៏មិនខុសដែរ ព្រោះស្រុកយើងមិនសូវមានសុវត្ថិភាពមែន ជាពិសេសគឺវត្តអារាមនៅក្នុងទីក្រុងតែម្ដង ចំពេលថ្មីៗនេះ សម្បូរអ្នកប្រើប្រាស់គ្រឿងញៀនទៀត កាន់តែធ្វើឱ្យព្រះសង្ឃកាន់តែរឹតបន្តឹងផ្នែកសុវត្ថិភាពបន្ថែមទៀត។

ការចាក់សោរបិទព្រះវិហារ មិនអនុញ្ញាតិឱ្យមនុស្សចេញចូលធ្វើការគោរពថ្វាយបង្គំព្រះ បានផ្ដល់នូវសុវត្ថិភាពផ្នែកសម្ភារៈដល់វត្តអារាមនិងបានធ្វើអោយវត្តអារាមមានសណ្ដាប់ធ្នាប់ល្អមែន ក៏ប៉ុន្តែវត្តអារាមខ្លួនឯងបាននិងកំពុងតែបាត់បងនូវទំនាក់ទំនងផ្នែកដួងព្រលឹងរវាងយុវជនជំនាន់ថ្មីនិងវត្តអារាមបន្ដិចម្ដងៗ ដោយមិនដឹងខ្លួន។ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ មួយថ្ងៃ មុនថ្ងៃខ្ញុំឡើងយន្តហោះមកកាន់ប្រទេសអ៊ីស្តូនី លោកអៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀងគ្រុប បានធ្វើជាវីឌីអូមួយដើម្បីសម្ភាសន៍និងសួរនាំខ្ញុំពីមូលហេតុដែលជំរុញអោយខ្ញុំមកបួសជាព្រះសង្ឃ។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំមកបួសដោយសារតែបានឃើញឥរិយាបថដ៏គួរអោយស្រឡាញ់និងការនិយាយស្ដីរដ៏គួរអោយចង់ស្ដាប់របស់ព្រះសង្ឃ និងរូបភាពជាច្រើនទៀតជាពិសេសគឺរូបគំនូរនៅតាមជញ្ជាំងព្រះវិហារតែម្ដង ដែលបានទាញនិស្ស័យរបស់ខ្ញុំអោយជាប់នឹងព្រះពុទ្ធសាសនា និងបានផ្ដល់ភាពកក់ក្ដៅអោយខ្ញុំជាងផ្ទះដែលខ្ញុំធ្លាប់នៅ (ដោយសារបញ្ហារគ្រួសារ) ជាងសាលាដែលខ្ញុំធ្លាប់រៀន (ដោយសារតែទៅរៀនគ្មានឯកសណ្ឋានសមរម្យដូចគេ មិនសូវទទួលបានការស្វាគមន៍ពីមិត្តរួមថ្នាក់ប៉ុន្មានទេក្នុងពេលនោះ)។

ផ្ទាំងគំនូរជាច្រើនដែលបានរចនាឡើងដោយវិចិត្រករដ៏ចំណាននានានៅតាមជញ្ជាំងវិហាររាប់សែនផ្ទាំង បានភ្ជាប់នូវសាច់រឿងអប់រំល្អៗជាច្រើនរបស់ពុទ្ធសាសនា ដែលជាវិធីសាស្រ្ដអប់រំដ៏មានប្រសិទ្ធិភាពមួយ ដែលបុព្វបុរសយើងតែងតែនិយមប្រើក្នុងការបញ្ជ្រាបសារអប់រំដល់មនុស្សជំនាន់ថ្មី (ដូចនេះហើយបានយើងសម្បូរប្រាសាទបុរាណ រូបចម្លាក់ ផ្ទាំងគំនូរតាមអារាមនានា ប្រហែលមកពីយើងចូលចិត្តមើលជាជាងចូលចិត្តអានហើយ)។ ប្រាកដណាស់ ក្រៅពីការទេសនានិងបង្ហាត់បង្រៀនធម៌របស់ព្រះសង្ឃ ផ្ទាំងគំនូរនិងរូបចម្លាក់នានាក៏ជាចំណែកមួយដ៏ធំដែរក្នុងការបញ្ជ្រាបការអប់រំដល់យុវជនតាមរយៈរូបារម្មណ៍។ ដូចនេះបានជាសម័យមុនវត្តអារាមតែងតែបើកទូលាយឱ្យមនុស្សទូទៅចូលទស្សនាដោយសេរីក្នុងគោលបំណងផ្សេងៗគ្នា ប៉ុន្តែមួយក្នុងចំណោមនោះគឺវត្តអារាមជាសម្បត្តិរួម ដែលកើតឡើងពីការចូលរួមថវិការពីអ្នកស្រុកមិនថាអ្នកមានឬអ្នកក្រឡើយ។ ទាំងផ្ទាំងគំនូរ ទាំងសំណងវិហារដ៏ធំស្កឹមស្កៃ សុទ្ធតែកើតឡើងពីការចូលរួមរបស់អ្នកស្រុក ចុះហេតុអ្វីយើងបិទទ្វារមិនឱ្យកូនចៅគាត់ចូលទស្សនាផង?

នៅពេលដែលយើងធ្វើដំណើរទៅកាន់ខែត្រសៀមរាប អតីតរាជធានីដ៏ធំបំផុតរបស់អាណាចក្រខ្មែរម្ដងៗនោះ យើងតែងនឹកដល់ប្រាសាទបុរាណជាច្រើនដែលមានវត្តមាននៅលើទឹកដីដ៏ស្រស់បំព្រងនោះ។ ក្នុងចំណោមប្រាសាទជាច្រើននោះ មានប្រាសាទធំៗពីរដែលតែងតែធ្វើឱ្យយើងនឹកដល់មុនគេគឺប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន្ត។ ប្រាសាទទាំងពីរនេះតំណាងអោយសាសនាធំៗពីរគឺសាសានាហិណ្ឌូនិងពុទ្ធសាសនា។ ប្រាសាទអង្គរវត្ត (អង្គរតូច) កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ នាដើមសវទី១២ក្នុងរាជធានីយសោធរបុរៈ ក្នុងគោលបំណងឧទ្ទិសដល់ព្រះវិស្ណុ ដែលជាតួអង្គអាទិទេពដ៏សំខាន់មួយអង្គនៅក្នុងសាសនាហិណ្ឌូ។ ស្ថាបត្យករខ្មែរយើងបានរចនាប្រាសាទនេះយ៉ាងល្អឯកស្ទើរតែគ្មានគូរប្រៀបនៅក្នុងលោកនេះនាសម័យនោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងស្ថាបត្យកម្មនេះគឺរូបចម្លាក់ដែលបានពណ៌នាអំពីទេវកថា គូទឹកដ៏ធំល្វឹងល្វើយ និងរបងហ៊ុំព័ទ្ធដ៏ស្កឹមស្កៃរបស់ប្រាសាទនេះ ហាក់ដូចជាបង្ហាញយើងថាប្រាសាទនេះត្រូវបានគេសាងសង់ឡើងសម្រាប់តែព្រះអាទិទេព អាទិទេពសន្មត ឬក្រុមវណ្ណៈខ្ពស់ៗតែប៉ុណ្ណោះ ពោលគឺមិនបានបើកទូលំទូលាយសម្រាប់រាស្រ្ដប្រជាទូទៅទេ។

ចំណែកឯប្រាសាទបាយ័ន្ត (អង្គរធំ) កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសវទី ១២ ក្នុងគោលបំណងឧទ្ទិសដល់ព្រះពោធិសត្វអវលោកេស្វរៈតាមបែបពុទ្ធសាសនាមហាយាននាសម័យនោះ។ រចនាប័ទ្មរបស់ប្រាសាទនេះ បានបង្ហាញពីលក្ខណៈរបស់ព្រះពុទ្ធសាសនាតាមរយៈស្នាមញញឹមដ៏ធំៗពីតួប៉មនីមួយៗ ដែលមានមុខបួន ដែលតំណាងអោយសេចក្តីស្រឡាញ់ មេត្តាករុណាធម៌នៅក្នុងព្រះពុទ្ធសាសនា ដែលមានកំពូល៥៤កំពូលដែលតំណាងអោយខែត្រក្រុងខ្មែរនាសម័យនោះ។ ចម្លាក់នានាតាមជញ្ជាំងប្រាសាទនេះបានរៀបរាប់ពីជីវភាពរស់នៅរបស់ព្រះញាតិវង្សានុវង្សនិងប្រជារាស្រ្ដសាមញ្ញ ផ្ទុយពីអង្គរវត្តដែលរៀបរាប់តែអំពីទេវកថា។ រចនាប័ទ្មប្រាសាទនេះបានបង្ហាញអោយយើងឃើញថាទីកន្លែងពុទ្ធសាសនា បានបើកទូលាយឱ្យមនុស្សទូទៅចូលមក និងស្វាគមន៍ពួកគេដោយស្នាមញញឹមប្រកបដោយព្រហ្មវិហារធម៌ ដោយគ្មានការហាមឃាត ឬភ័យខ្លាចបាត់បង់អ្វីឡើយ។

នៅក្នុងសិក្ខាសាលាមួយដែលទាក់ទងនឹងសុខភាពផ្លូវកាយនិងផ្លូវចិត្តកុមារ រៀបចំឡើងដោយក្រុមហ៊ុនផ្កាឈូកសហការដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍នៅថ្ងៃទី ១៥ កញ្ញា ២០១៩ នាខែត្របាត់ដំបង ព្រះមុនិកោសល បណ្ឌិត យ៉ន់ សេងយៀត បានមានថេរដីការទាក់ទងនឹងក្មេងរត់លេងក្នុងវិហារថា៖ «លោកម្ចាស់អោយក្មេងសប្បាយចុះ រត់ក្នុងវិហារ រត់ក្នុងវត្តអីហ្នឹង អោយរត់ចុះ រត់ឱ្យហត់ រត់មិច រត់ចុះ ពីព្រោះថានេះជាពេលវេលាដែលក្មេងកំពុងកសាងអនុស្សាវរីយ៍ដ៏ល្អនៅក្នុងជីវិត កុំដេញក្មេង ជួនកាលគ្នាចង់មកជិតលោក ចេញៗៗ ហែងប៉ះលោកឥឡូវហើយ ដេញគ្នាទីងណាត់ទីណែង កុំ…ដូរទម្លាប់នេះចេញ ញោមក៏ដោយ ព្រះអង្គក៏ដោយ ឱ្យក្មេងមកជិត សប្បាយ កាលណា ក្មេងសប្បាយនឹងវត្តអារាម សប្បាយនឹងសាសនវិធី ក្មេងចាប់ចិត្តហើយ…លោកម្ចាស់អ្ហើយ ក្មេងវាមិនទៅស្ដាប់ពុទ្ធោ ធម្មោស្អី វាមកតែលេងហ្នឹង ហើយកុំដេញគ្នា»។

កាលខ្ញុំនៅរួមការងារនិងសិក្សារៀនសូត្រជាមួយនឹងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឃន៍ លោកគ្រូធម្មបណ្ឌិតហេង មណីចិន្តា ដែលជាព្រះសង្ឃដំបូងគេដែលបានបកប្រែពាក្យ Socially Engaged Buddhism (ពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម) និងបាននាំយកទម្រង់ពុទ្ធសាសនាមួយនេះមកអនុវត្តនៅស្រុកខ្មែរតាមរយៈគម្រោងនានារបស់អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បានមានប្រសាសន៍បែបលេងសើចជាមួយខ្ញុំថា យើងរវល់តែយកព្រះពុទ្ធសាសនាទៅផ្សារភ្ជាប់នឹងសង្គម ភ្លេចអោយសង្គមមកផ្សារខ្លួនជាមួយពុទ្ធសាសនាវិញ (ចំាពាក្យលោកគ្រូអត់ច្បាស់ ខុសត្រូវលោកគ្រូជួយកែផង)។ វត្តអារាមមានសក្ដានុពលគ្រប់គ្រាន់ ដែលអាចឱ្យសង្គមផ្សារខ្លួនជាមួយបាន តាមរយៈពាក្យប្រៀនប្រដៅ ពុទ្ធិចំណេះដឹ ទីតាំងអំណោយផល (វត្តនីមួយៗមានទីធ្លារអំណោយផលណាស់) កេរ្តិ៍តំណែរ មរតកវប្បធម៌ ប្រវត្តិសាស្រ្ត នៃវត្តអារាមនីមួយៗ អាចទាញចំណាប់អារម្មណ៍សង្គមខាងក្រៅឱ្យមកទស្សនាសិក្សាស្វែងយល់ពីយើងបាន ឱ្យតែយើងព្រមបើកទ្វារព្រះវិហារទួលពួកគាត់ដោយស្នាមញញឹម និងបង្កើតបរិយាកាសមួយសមរម្យដល់ពួកគាត់ជជែកពិភាក្សាជាមួយព្រះសង្ឃដែលជាសមណៈអ្នកបួស។ «ការបានឃើញ បានជួបនូវសមណៈទាំងឡាយនិងការសន្ទនាធម៌តាមកាលជាមង្គលដ៏ឧត្តម» ពុទ្ធដីកា។

រដ្ឋធានីតាលីន ប្រទេសអ៊ីស្តូនី ថ្ងៃអង្គារ ១៧ ធ្នូ ២០១៩

អត្ថបទដោយ៖ សាន​ ពិសិទ្ធិ

Click here to see the author information

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s